ឧទ្ធម្ភាគចក្រខ្នាតតូច២គ្រឿង ដែលត្រូវបានដឹងថាជាកម្មសិទ្ធិឯកជនរៀងៗខ្លួន បានបុកគ្នានៅលើអាកាស បណ្តាលឲ្យ១គ្រឿងបានគ្រប់គ្រងចុះចតដោយសុវត្ថិភាព រីឯ១គ្រឿងទៀត ធ្លាក់ចុះលើដីយ៉ាងលឿនគួរឲ្យរន្ធត់។
ឧបទ្ទវហេតុឧទ្ធម្ភាគចក្របុកគ្នានេះ បានកើតឡើងនៅជិត Taman Melawati រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី កាលពីវេលាថ្ងៃត្រង់ម៉ោងជិត ១២ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ជនរងគ្រោះនៅលើឧទ្ធម្ភាគចក្រទាំង២សរុបចំនួន ៤ នាក់ (ប្រុស៣នាក់ និងស្រី១នាក់)។ មនុស្ស២នាក់នៅក្នុងឧទ្ធម្ភាគចក្រដែលបានធ្លាក់ សាកសពរបស់ពួកគេត្រូវបានរកឃើញនៅជាប់នឹងកៅអី។
ដោយឡែកមនុស្ស២នាក់ដែលរងរបួសនៅលើឧទ្ធម្ភាគចក្រដែលគ្រប់គ្រងចុះចតដោយសុវត្ថិភាពនៅដីវាលសាលារៀនមួយ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ៕ ដោយ៖ លឹម ហុង