នៅមុននេះបន្តិច នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ យោងតាមរយៈហ្វេសប៊ុកឈ្មោះ “Ou Thydapoeuv / អ៊ូ ធីតាពៅ” ដែលគេយ៉ាងច្បាស់ថាជាភរិយា ឯកឧត្តម គួច ចំរើន បានប្រាប់ដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ និងរំភើបត្រេកអរជំនួសជាខ្លាំង ក្រោយពីបានដឹងថា ក្មេងៗប្រណាំងកង់ ដែលបានឆក់យកបេះដូងមនុស្សរាប់ពាន់ម៉ឺនសែននាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលកន្លងទៅនេះ ពេលនេះ ពួកគេមានសំណាងបានចូលរៀននៅសាលាប៊ែលធី ដោយឥតគិតថ្លៃរហូតដល់ចប់។
ក្នុងនោះ គណនីភរិយាឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា៖ “សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លី ឆេង សាលាប៊ែលធី ដែលបានរួមចំណែកជួយផ្តល់អាហាររូបករណ៍ដល់ក្មេងៗទាំង៣នាក់ ឲ្យបានចូលរៀននៅសាលាប៊ែលធី រហូតដល់បញ្ចប់ថ្នាក់ទី១២ តាមបំណងរបស់ក្មេងៗ! ហើយក៏សូមអរគុណផងដែរ ចំពោះក្រុមការងារដែលជួយសម្រួលដល់ការងារធ្វើទំនាក់ទំនង នាំក្មេងឲ្យបានរៀនសូត្រ!!!ស្រឡាញ់ក្មេងខ្មែរ”។
ដោយឡែក តាមរយៈហ្វេសប៊ុកលោក ស៊ន សុភក្ត្រ ក៏បានបញ្ជាក់បន្ថែមថា៖ “សូមជួយត្រេកអរ! ក្មេងប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញនោះ ត្រូវបានលោកបណ្ឌិត លី ឆេង អគ្គនាយកសាលា ប៊ែលធី ឲ្យមករៀននៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់!។
ហើយក៏សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្តព្រះសីហនុ ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី! ភ្លាមនោះលោកអភិបាលខេត្ត គួច ចំរើន បានទាក់ទងមកលោកបណ្ឌិត លី ឆេង ហើយក៏សម្រេចទទួលយកតែម្តង! រួមគ្នាដើម្បីធនធានសង្គមកម្ពុជាយើង!”៕ ដោយ៖ លឹម ហុង