បាត់ដំបង ៖ លោក ហាជិមិ សៃតុ នាយកសហព័ន្ធសន្ដិភាពសកលឥណ្ឌូចិនបានឧបត្ថម្ភថវិកាចំនួនប្រាំបីលានរៀល ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីធ្វើការបន្តចាត់ចែងរៀបចំចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងការសាមគ្គីគ្នារវាងខ្មែរនិងខ្មែរក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ទោះបីស្ថានភាពទឹកជំនន់បានធូរស្បើយក៏ដោយ ក៏សកម្មភាពផ្ដល់អំណោយ តាមតំបន់រងគ្រោះដោយទឹកជំនន់នៅតែបន្តយ៉ាងសស្រាក់សស្រាំ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសូមថ្លែងអំណរគុណដល់លោក ហាជិមិ សៃតុ នាយកសហព័ន្ធសន្ដិភាពសកលឥណ្ឌូចិន ដែលបានឧបត្ថម្ភជាថវិកា ជូនដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ក្នុងគ្រាដែលកំពុងតែជួបការលំបាកមួយរយៈពេលថ្មីៗនេះ ដែលគួសបញ្ជាក់ពីការជួយគ្នាទៅវិញទៅមក។ បើទោះបីស្ថានភាពទឹកជំនន់ ក្នុងខេត្តបាត់ដំបង បានធូរស្បើយទាំងស្រុងក៏ដោយ ក៏ការងារជួយសង្គ្រោះ តាមរយៈការផ្ដល់ស្បៀងដល់ពលរដ្ឋរងគ្រោះ របស់អាជ្ញាធរខេត្តនៅតែបន្ត ហើយសកម្មភាពនេះ ដែលមានការចូលរួមជាបន្តបន្ទាប់ពីសំណាក់សប្បុរសជន អង្គការសង្គមស៊ីវិល ដែលមានដូចជាស្បៀងអាហារ សម្ភារប្រើប្រាស់និងថវិកាជាដើម។
កាលពីថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហាជិមិសៃតុ នាយកសហព័ន្ធសន្តិភាពសកលឥណ្ឌូចិន បានដឹកនាំគណៈប្រតិភូ នាំយកថវិកាមួយចំនួន ផ្ដល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់ ក្នុងការងារជួយសង្គ្រោះពលរដ្ឋ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០នេះ។
ហាជិមិ សៃតុ នាយកសហព័ន្ធសន្ដិភាពសកលឥណ្ឌូចិន បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធសន្តិភាពសូមសម្ដែងនូវការសោកស្ដាយ ចំពោះទឹកជំនន់ដ៏ធំនៅក្នុងខេត្តបាត់ដំបង ដែលបានប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ការប្រកបរបរចិញ្ចឹមជីវិត ការលិចលង់ផលដំណាំ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ តាមរយៈថវិកាបន្តិចបន្តួចនេះ នឹងអាចជួយសម្រាលការដោះស្រាយបញ្ហាមួយចំនួននៃរដ្ឋបាលខេត្តបាត់ដំបង ក្នុងការជួយស្ដារជីវភាពឡើងវិញរបស់ប្រជាពលរដ្ឋរងគ្រោះ។ ក្រៅពីចូលរួមក្នុងការងារជួយពលរដ្ឋ រងការប៉ះពាល់ដោយទឹកជំនន់នេះ សហព័ន្ធនៅមានគម្រោងមួយចំនួនទៀត ក្នុងការជួយដល់ខេត្តបាត់ដំបងលើវិស័យអប់រំ យុវជន និងកីឡាជាដើម។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្រាប់ការងារជួយសង្គ្រោះពលរដ្ឋក្នុងខេត្តបាត់ដំបង រងផលប៉ះពាល់ដោយទឹកជំនន់ត្រូវបានចូលរួមយ៉ាងផុសផុល ដោយសកម្មភាពមនុស្សធម៌ទាំងនេះ បានបង្ហាញនូវការសាមគ្គីគ្នារវាងខ្មែរ និងខ្មែរ ក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះ។ទោះបីស្ថានភាពទឹកជំនន់ បានធូរស្បើយក៏ដោយ ក៏សកម្មភាពផ្ដល់អំណោយ តាមតំបន់រងគ្រោះដោយទឹកជំនន់នៅតែបន្តយ៉ាងសស្រាក់សស្រាំ។ តែយ៉ាងណាសម្រាប់រដ្ឋបាលខេត្តបាត់ដំបង ចំពោះការផ្ដល់ស្បៀង ដល់អ្នករងគ្រោះដោយទឹកជំនន់នេះ នឹងមិនមានផ្ដល់ជូនជាលក្ខណៈទ្រង់ទ្រាយធំទៀតនោះទេ គឺឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវចុះត្រួតពិនិត្យពីស្ថានភាពពលរដ្ឋ ដែលលំបាកជាងគេនិងបានប៉ះពាល់ដោយជំនន់ទឹកភ្លៀង ហើយផ្ដល់ស្បៀងដល់ពួកគាត់នៅតាមខ្នងផ្ទះ។
គួរបញ្ជាក់ថា ក្នុងខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងនៅចុងរដូវវស្សា បានប៉ះពាល់ដល់ក្រុងស្រុកទាំង១៤ ស្មើនឹង៩៩ឃុំសង្កាត់ និងប៉ះពាល់ពលរដ្ឋចំនួន ៧២ ៨២០គ្រួសារ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរខេត្តបានផ្ដល់ស្បៀងដល់ជាង១០ម៉ឺនគ្រួសារ៕ ដោយ ៖ អ៊ុងសារុំ