ឧត្ថម្ភាគចក្រ ដែលដឹកអ្នកជំនាញខាងសត្វ បានធ្លាក់បះជើង ក្រោយការប៉ះទង្គិចខ្លាំងជាមួយប្រើសស្នែងសំប៉ែត (Moose deer) នៅតំបន់ព្រៃ ចំណុះមណ្ឌល Wasatch ភាគបូព៌ា រដ្ឋ Utah អាមេរិក។
តាមកាសែត USA Today ដែលដកស្រងប្រភពពីការិយាល័យមេប៉ូលិសមណ្ឌល Wasatch ឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើង គ្រាដែលឧត្ថម្ភាគចក្រ ទម្លាក់ខ្លួនចុះចម្ងាយប្រមាណ ៣ម៉ែត្រ ពីផ្ទៃដី ដើម្បីឲ្យអ្នកស្រាវជ្រាវ “បង់សំណាញ់” ចាប់ប្រើស ដើម្បីពាក់កងតាមដានជីវភាពរបស់ពួកវា បម្រើឲ្យការស្រាវជ្រាវ។
ប៉ុន្តែប្រើសនោះ បានភ័យស្លន់ស្លោរ ហើយលោតយ៉ាងខ្ពស់បុកចំកន្ទុយយន្តហោះ បណ្តាលឲ្យបាក់កង្ហារខាងក្រោយ។
លទ្ធផលគឺមនុស្ស ២នាក់ លើឧត្ថម្ភាគចក្រ មានរបួសស្រាល ខណៈពេលប្រើសនោះ ងាប់នៅនឹងកន្លែង៕ ចន្ទ្រា