ភ្នំពេញ៖ ដូចដែលយើងគ្រប់គ្នាបានទទួលជ្រាបរួចហើយ ជុំវិញករណីជំងឺកូវីដ១៩ ដែលនៅតែកំពុងបន្តកើតមាន នៅតាមបណ្តាប្រទេសមួយចំនួន ។ ជាក់ស្តែង ជំងឺកូវីដ១៩ បានផ្ទុះឡើងសារជាថ្មី និងត្រូវបានចាត់ទុកជាលើកទី៣ហើយ សម្រាប់ប្រទេសកម្ពុជាយើងនៅពេលនេះ។ ហើយនៅក្នុងដំណាក់កាលនេះនេះផងដែរ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់បងប្អូនសាធារណជន និងក៏ដូចប្រជាពលរដ្ឋទូទៅ ត្រូវអនុវត្តវិធានការការពារឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសការឆ្លងរីករាលជំងឺនេះកាន់តែធ្ងន់ធ្ងរ នៅក្នុងសហគមន៍។
ប៉ុន្តែ ទន្ទឹមនឹងមនុស្សគ្រប់ៗគ្នា កំពុងតែបង្ហាញក្តីព្រួយបារម្ភ និងនាំគ្នាស្វះស្វែងដើម្បីបង្ការការពារពីការឆ្លង ក៏ស្រាប់តែមីងម្នាក់បែរជាបង្ហាញឥរិយាបទដ៏ហួសចិត្ត បដិសេធពាក់ម៉ាសសោះឡើយ បើបុគ្គលិកនៅកន្លែងផ្តល់សេវាកម្មមួយកន្លែង ខិតខំពន្យល់ណែនាំយ៉ាងណាក៏ដោយ។
តាមរយៈវីដេអូឃ្លី ស្ត្រីវ័យចំណាស់រូបនេះ បាននិយាយដ៏គួរឲ្យហួសចិត្តថា «អត់យកទេ វាមិនត្រូវពាក់ម៉ាស ហើយបើសិនមានកូវីដមែន នោះតាមផ្លូវមកម៉េចរួចទៅ…»។
ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានធ្វើការរិះគន់ និងព្រលះមីងរូបនេះយ៉ាងចាស់ៗដៃថា៖ «អ៊ុអើយអ៊ុ ចាស់ហើយក្បាលរឹងទៀត គេខ្លាចម៉ានគរណាអ៊ុ, លើកលោកនេះមានមនុស្សចាស់ប្រភេទហ្នឹងប៉ុន្មាននាក់ទៀត, យ៉ាប់និយាយជាងក្មេងទៀតអ៊ុស្រី គេធ្វើល្អហើយ, មិនមែនស្លាប់តែម្នាក់ឯណា មិនចេះការពារខ្លួនចឹង ចាស់ហើយក៏ពិបាកនិយាយម្ល៉េះ, មនុស្សចាស់ខ្លះក្បាលរឹងហួស មិនឃើញក្តារមឈូស មិនស្រក់ទឹកភ្នែកមែន, មនុស្សចាស់ខ្លះតែប៉ុណ្ណឹង គាត់មានះណាស់ មិនងាយគាស់ទេ ទាល់តែប៉ះក្នុងគ្រួសាគាត់ឆ្លងម៉ងទើបគាត់ជឿ, សូមប្រាប់ទៅមីងថា ឥរិយាបទតែប៉ុណ្ណឹង បើនៅស្រុកគេគឺច្បាស់ជាគុកហើយណាមីង,…»៕ ដោយ៖ លឹម ហុង