Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្ដល់សេវា​សុខាភិបាល​នៅតែ​ប្រព្រឹត្តិ​ទៅដោយ​រលូន ទោះបី​ការលំបាក​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ

​បាត់ដំបង​៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ងារ​លើ​វិស័យ​សុខាភិបាល បាន​មានប្រសាសន៍ថា​ទោះបី​កម្ពុជា កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដូច​បណ្ដា​ប្រទេស​ក្នុង​សកលលោក តែ​ការងារ​ផ្ដល់​សេវា​សុខាភិបាល ក្នុងការ​ព្យាបាល​ជំងឺ​ផ្សេងៗ​ជូន​ពលរដ្ឋ​ទាំង​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​និង​នៅ​មន្ទីរ​ឯកជន​នៅតែ​បន្ត​ប្រព្រឹត្តិ​ទៅដោយ​រលូន ក្នុងនោះ​ក៏មាន​ការផ្ដល់សេវា​លើ​អ្នកជំងឺ​អេដស៍​ផងដែរ​។​

​ការលើក​បែបនេះ ក្នុង​ទិវា​សកលលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ កាលពី​ថ្ងៃទី​០១​ខែធ្នូ ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​សាមគ្គី​ភាពជា​សកល​និង​ការទទួលខុសត្រូវ​រួមគ្នា​”​។

​លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ប្រធាន​អង្គការ AHF បាន​មានប្រសាសន៍ថា​ជាការ​លំបាក​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ ដោយសារ​មាន​ជំងឺ​ដ៏​កាច់​សាហាវ​មួយទៀត​គឺ​ជំងឺ​កូ​វីដ​១៩ លំបាក​ក្នុងការ​ទប់ស្កាត់ ព្រោះ​ជា​ប្រភេទ​ជំងឺ​ផ្ដាសាយធំ ហើយ​ការចម្លង​គឺ​ងាយ​។​ក្នុង​កាលៈទេសៈ​មាន​បញ្ហា​ជំងឺ​កូ​វីដ​១៩​នេះ​គឺមាន​ការព្រួយបារម្ភ ពី​ផែនការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ ព្រោះ​ជំងឺអេដស៍​នៅតែ​ជា​បញ្ហា​ចម្បង របស់​ពិភពលោក​និង​នៅ​កម្ពុជា ទោះបី​កម្ពុជា​ទទួលបាន​ជោគជ័យ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍​និង​ជំងឺអេដស៍ តែ​ការងារ​មិនទាន់បាន​បញ្ចប់​នៅឡើយ​។​

​លោកស្រី ស៊ុ ចិន្តា អភិបាលរង​ខេត្តបាត់ដំបង​អាន​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​រូ​ច​ហើយ ក៏បាន​មានប្រសាសន៍ថា​ខណៈ​ជំនួយ​របស់​អន្តរជាតិ ក្នុង​ការងារ​កាត់បន្ថយ​នូវ​ជំងឺអេដស៍ កាន់តែ​ថយចុះ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​បង្កើន​ថវិកាជាតិ ជួយ​ទិញ​ឱសថ​ព្យាបាល​អ្នកជំងឺ​អេដស៍ទៅទៀត ជាមួយនឹង​ការពង្រីក​ថវិកា​សេវា​សង្គម​នៅ​ថ្នាក់ក្រោម​ជាតិ​។​ក្នុង​ពង្រីក​ថវិកា​នេះ ដើម្បី​ឲ្យ​មន្ត្រី​មូលដ្ឋាន​នៅក្នុង​ឃុំ​សង្កាត់ អាច​ប្រើប្រាស់​ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺអេដស៍​បាន​ទៅតាម​លទ្ធភាព​នៃ​កំណើត​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​។​

​លោក​ឱសថ​បណ្ឌិត វឿ​ត ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​ប្ដេជ្ញាចិត្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺអេដស៍ ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​កូ​វីដ​១៩​នេះ ដើម្បី​ឆ្ពោះទៅ​បញ្ចប់​អេដស៍​នៅ​ឆ្នាំ​២០២៥៕ ​ដោយ៖អ៊ុង​សា​រុំ​

×