ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រាបានឲ្យដឹងថា ខ្ញុំបាទនឹងក្រុមគ្រួសារត្រៀមបរិច្ចាគថវិកាជូន សម្ដេចតេជោហ៊ុនសែន ចំនួន1លានដុល្លារ ដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជនងាយរងគ្រោះ សូមឲ្យយប្រទេសយើងឆ្លងផុតនៅទុក្ខលំបាកនេះ។
សម្តេចនាយករដ្ឋមន្រ្តី បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន
ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។
បើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister នាព្រលប់ថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! កន្លងមក ជាមួយនឹងការតាមដាននូវដំណើរការ ផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឲ្យត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។
ពេលនេះប្រទេសមួយចំនួន ផលិតបាននិងដាក់ឲ្យប្រើប្រាស់ហើយ នឹងកំពុងបញ្ចេញលក់ឲ្យប្រទេសនានាផងដែរ”។
សម្តេចតេជោ បានមានប្រសាសន៍ថា “ល្ងាចនេះ ខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន
ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូស ចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង”។
សម្តេចតេជោ បានថ្លែងថា “ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូប ឲ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។
យើងសង្ឃឹមថា ដៃគូអភិវឌ្ឍន៍របស់យើង នឹងផ្តល់ជំនួយដល់ប្រជាជនយើង ឬយ៉ាងហោច លក់ក្នុងតម្លៃថោកសមរម្យឲ្យយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរ សម្រាប់ដំណាក់កាលបន្ទាប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ