ភ្នំពេញ៖វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.អ.ក) ចាត់ទុកថា វិបត្តិកូវីដ១៩ គឺជាវិញ្ញាសាដ៏សំខាន់មួយ សម្រាប់វិស័យសារព័ត៌មាន នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដែលយើងត្រូវដកពិសោធន៍ និងត្រូវត្រៀមខ្លួនសម្រាប់ប្រឈមមុខ នៅពេលដែលវិបត្តិបែបនេះកើតមាននៅពេលក្រោយ។វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៧ ដែលប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៧ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងន័យនេះ និពន្ធនាយកសារព័ត៌មានទាំងអស់ដែលបានចូលរួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៧ ដែលមានចំនួន៥៦នាក់ មកពី៣១ស្ថាប័ន អ្នកចូលរួមបានពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារដូចខាងក្រោម៖
1-វ.ន.អ.ក សូមកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មានគ្រប់រូប ដែលបានពុះពារគ្រប់ឧបសគ្គ ក្នុងការបំពេញការងាររបស់ខ្លួន បានយ៉ាងល្អក្នុងដំណាក់កាលកូវីដ ១៩ ដោយមិនខ្លាចការនឿយហត់ និងត្រូវលះបង់សុវត្ថិភាពផ្ទាល់ខ្លួនក៏ដោយ។
2-វ.ន.អ.ក យល់ឃើញថា ចាប់ពីពេលនេះតទៅ អ្នកសារព័ត៌មានក៏ដូចជាម្ចាស់ស្ថាប័នសារព័ត៌មាននីមួយៗ ត្រូវត្រៀមខ្លួនឲ្យបានល្អថែមមួយក្រិតទៀត ដើម្បីប្រឈមមុខជាមួយហានិភ័យដែលអាចកើតមានជាយថាហេតុ ជាពិសេសជំងឺឆ្លងសាកលកាចសាហាវណាមួយផ្សេងទៀតនាពេលខាងមុខ។
3-វ.ន.អ.ក យល់ឃើញថា ទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ក៏សារព័ត៌មាននៅតែអាចដំណើរការបានដោយមិនរាំងស្ទះឡើយ សូម្បីតែក្នុងកាលៈទេសៈដែលអ្នកសារព័ត៌មានមិនអាចចេញពីផ្ទះបានក៏ដោយ។ ដើម្បីបំពេញការងារពី ផ្ទះបាន អ្នកសារព័ត៌មានត្រូវមានឧបករណ៍ចាំបាច់សម្រាប់ធ្វើការទៅតាមប្រភេទ សារព័ត៌មានដែលខ្លួនបម្រើការ ដូចជា កាសែត, វិទ្យុ, ទូរស្សន៍ ឬអនឡាញ។
4-វ.ន.អ.ក យល់ឃើញថា ចាប់ពីពេនេះតទៅ អ្នកសារព័ត៌មាន និងម្ចាស់ស្ថាប័នសារព័ត៌មាននីមួយៗ គួរចាប់ផ្តើមជជែកពិភាក្សាគ្នាដើម្បីពិនិត្យមើលឡើងវិញនូវធនធានមនុស្ស និងធនធានសម្ភារៈចាំបាច់នានាដើម្បីធានាថា ស្ថាប័នរបស់ខ្លួននៅតែអាចដំណើរការបានទោះបីជាស្ថិតក្នុងស្ថានភាពបិទប្រទេស (Lockdown )ក៏ដោយ។
5-វ.ន.អ.ក យល់ឃើញថា អ្នកសារព័ត៌មានត្រូវមានចំណេះដឹងគ្រប់គ្រាន់ផ្នែកបច្ចេកវិទ្យា ឌីជីថល ដើម្បីដើរឲ្យទាន់យុគសម័យបដិវត្តន៍ឧស្សាហ៍កម្ម ៤.០ ផង និងដើម្បីត្រៀមលក្ខណៈធ្វើការងារដោយខ្លួនឯង ពីផ្ទះក្នុងកាលៈទេសៈដែលមានជំងឺឆ្លងកាចសាហាវផង។ ដើម្បីទទួលបានចំណេះដឹងទាំងនេះ អ្នកសារព័ត៌មានត្រូវខិតខំដោយខ្លួនឯងផង និងត្រូវការការគាំទ្រពីម្ចាស់ស្ថាប័នផងដើម្បីទទួលការបណ្តុះបណ្តាលបន្ថែម។
6-វ.ន.អ.ក សូមអំពាវនាវដល់ម្ចាស់ស្ថាប័នសារព័ត៌មានទាំងអស់ សូមពិនិត្យមើលឡើង វិញអំពីការបណ្តុះបណ្តាលធនធានមនុស្សផ្ទៃក្នុង និងការរៀបចំកញ្ចប់ថវិកាមួយចំនួនដើម្បីបំពាក់គ្រឿងឧបករណ៍ សម្ភារៈចាំបាច់សម្រាប់អ្នកសារព័ត៌មានរបស់ខ្លួន ដើម្បីឲ្យពួកគេអាចបំពេញការងារពីចម្ងាយបានប្រកបដោយប្រសិទ្ធភាព។
7-វ.ន.អ.ក យល់ឃើញថា សារព័ត៌មានប្រពៃណីត្រូវតែប្រែក្លាយស្ថាប័នរបស់ខ្លួនឲ្យទៅជា Multis media ដោយផ្អែកលើប្រព័ន្ធ ឌីជីថល និង Socila Media ពោលគឺមិនអាចពឹងតែលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណី តែមួយមុខដូចមុនបានឡើយ។
8-វ.ន.អ.ក យល់ឃើញថា ក្នុងកាលៈទេសៈដែលប្រទេសជាតិជួបវិបត្តិជំងឺឆ្លងសាកលកាចសាហាវ សារព័ត៌មានរឹតតែមានតួនាទីសំខាន់កាន់តែខ្លាំងឡើងក្នុងការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីការវិវឌ្ឍនៃជំងឺ, វិធីការពារខ្លួន និងសារអប់រំផ្សេងៗទៀតដែលអាជ្ញាធរសុខាភិបាលដាក់ចេញសំដៅទប់ស្កាត់ការរាលដាលជំងឺឆ្លងនេះ។
9-វ.ន.អ.ក យល់ឃើញថា នៅក្នុងកាលៈទេសដែលប្រទេសជាតិ មានវិបត្តិជំងឺឆ្លងសាកលកាចសាហាវ សារព័ត៌មានក៏មានតួនាទីសំខាន់មួយទៀត ក្នុងការបង្ហាញផ្លូវដល់ពលរដ្ឋអំពីមុខរបរ និងការងារ ដែលពួកគេអាចធ្វើបាន ដើម្បីដោះស្រាយជីវភាពពេលបាត់បង់ការងារស្នូលដែលខ្លួនធ្លាប់ធ្វើ ឬបាត់បង់ចំណូលដែលធ្លាប់មាន។
10-វ.ន.អ.ក យល់ឃើញថា ទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបន្ធូរដៃឡើយពីព្រោះវាជាតម្លៃ និងជាជំនឿរបស់មហាជនដែលមិនអាចបោះបង់បានក្នុងគ្រប់កាលៈទេសៈ។
11-វ.ន.អ.ក យល់ឃើញថា ការចូលរួមបន្សាបព័ត៌មានក្លែងក្លាយតាមរយៈការផ្តល់ព័ត៌មានពិត ដល់ប្រជាពលរដ្ឋឲ្យបានលឿនរហ័ស គឺជាតួនាទីមិនអាចខ្វះបានរបស់សារព័ត៌មានអាជីពក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងកាលៈទេសៈដែលមានវិបត្តិជំងឺឆ្លងកាចសាហាវ ឬពេលមានហានិភ័យផ្សេងៗទៀតដែលងាយធ្វើឲ្យពលរដ្ឋទទួលរងគ្រោះ។
12- វ.ន.អ.ក យល់ឃើញថា ក្លិបអ្នកកាសែតកម្ពុជា ក៏ដូចជាសមាគមសារព័ត៌មានផ្សេងទៀត មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកបណ្តុះបណ្តាល ទាំងសម្ភារៈបច្ចេកទេស និងទាំងស្មារតី ទាំងចំណះជំនាញវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន។
13-វ.ន.អ.កសូមអំពាវនាវដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាំងទែណែត សូមបង្កើនការទទួលខុសត្រូវ ចំពោះការផ្តល់សេវាកម្មល្អ មានតម្លៃសមរម្យ និងសេវាលឿនមិនរអាក់រអួល ដើម្បីធានាថាការងាររបស់អ្នកសារព័ត៌មាន មិនត្រូវបានរាំងស្ទះដោយសារតែបញ្ហាអាំងទែណែត។
14-វ.ន.អ.ក សូមអំពាវនាវដល់អាជ្ញាធររដ្ឋគ្រប់លំដាប់ថ្នាក់ សូមផ្តល់កិច្ចសហការណ៍ល្អ ដល់អ្នកសារព័ត៌មានដោយគោរពឲ្យបានខ្ជាប់ខ្ជួន សេរីភាពសារព័ត៌មានទោះក្នុងកាលៈទរេសៈណាក៏ដោយ ដើម្បីអនុញ្ញាតឲ្យអ្នកសារព័ត៌មាន អាចបំពេញការងារបានដោយងាយស្រួល និងទទួលបានព័ត៌មានច្បាស់លាស់ និងទាន់ពេលវេលាដើម្បីផ្សព្វផ្សាយជូនមហាជន។
15-វ.ន.អ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសារអបអរសាទរដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ជារៀងរាល់ឆ្នាំ។ វ.ន.អ.ក សូមគាំទ្រពេញទំហឹង ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការគាំពារនិងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា៕ រក្សាសិទ្ធិដោយ៖CEN