Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ឲ្យ​មាន​មន្ត្រី​ល្អ​ដូច​គាត់​ច្រើនណាស់​! អភិបាលខេត្ត​ពោធិ៍សាត់ កំពុងមាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ ក្នុងការ​ដោះស្រាយ​ទំនាស់​ជូន​រាស្ត្រ ប្រក​ដោយ​គុណធម៌​… (​វីដេអូ​)

​មហាជន​នៅ​ទូ​ទាំ​ប្រទេស ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​ស្គាល់​ហើយពី​អភិបាលខេត្ត​ពោធិ៍សាត់ គឺ​ឯកឧត្ដម ម៉ៅ ធនិន ដែល​កំពុង​ទទួលបាន​ការកោតសរសើរ​ខ្លាំងណាស់ តាមរយៈ​ការដឹកនាំ​ដ៏​ពូកែ​របស់លោក ពិសេស​នោះ​គឺ​ការដោះស្រាយ​ទំនាស់​រឿងក្តី​ក្តាំង​ជាច្រើន​រាប់មិនអស់ ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តពោធិ៍សាត់​ទាំងមូល​។​

​ជា​ពិតណាស់ នៅ​រៀងរាល់​សប្តាហ៍ ថ្នាក់ដឹកនាំ​ពោរពេញ​ដោយ​ចំណេះដឹង​ជ្រៅជ្រះ និង​មាន​គុណធម៌​រូបនេះ តែង​បើក​វេទិកា​ដោះស្រាយ​ជំទាស់​រាប់រយ​ជំពូក ដែល​បាន​កើតឡើង​សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ស្រុកភូមិ ដែល​ក្នុងនោះ​មិន​ថា​ទំនាស់​ដីធ្លី ទំនាស់​គ្រួសារ​ដណ្តើម​ទ្រព្យ​ដីធ្លី និង​ផ្ទះសម្បែង​ជាដើម គឺ​លោក​អាច​ដោះស្រាយ​ជូន​បាន​ដោយ​ជោគជ័យ និង​ប្រកបដោយ​ភាពសមស្រប មិន​លម្អៀង​ទៅលើ​ខាង​ណា​នោះទេ ដែល​គួរ​ឲ្យ​គោរព​សរសើរ​ជាខ្លាំង​។​

​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ពេញចិត្ត​ខ្លាំង​នោះ គឺ​លោក​តែង​ប្រើ​ទឹកដម​សម្តី​ដ៏​ស្រទន់ ជាមួយ​ឧ​ត្ត​ម​គតិ​ដ៏​ខ្ពង់ខ្ពស់​យក​ភាពយុត្តិធម៌​ត្រឹម​ត្រូវជា​គោល ដោយ​បញ្ចប់ទំនាស់​បញ្ហា មិន​ឲ្យ​ភាគី​ណា​ចាញ់ឈ្នះ​ដោយ​ទឹកភ្នែក​នោះទេ និង​ផ្ទុយទៅវិញ ចុងក្រោយ​គឺ​នាំមក​នូវ​ស្នាមញញឹម​រកគ្នា ក្រោម​ការអបអរសាទ​រ​ទះដៃ​កងរំពង​ពី​សំណាក់​អ្នកចូលរួម​។​

​ពិតមែន​ហើយ ជាមួយនឹង​ចិត្តសាស្ត្រ​ដ៏​ពូកែ និង​ការផ្តល់​ដំបូន្មាន​ល្អៗ ឃើញថា​លោក​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​មានចិត្ត​រឹងរូស តែងតែ​ខ្លាំង​ជានិច្ច​ទៅលើ​អ្នកទន់ខ្សោយ ឲ្យ​ងាក​មក​ស្ងប់ចិត្ត ហើយ​អាច​យកគំនិត​របស់លោក​ទៅ​ដេក​គិតពិចារណា​ឡើងវិញ ថា​តើ​ទង្វើ​ដ៏​អាក្រក់​របស់ខ្លួន ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ​ត្រឹមត្រូវ​ដែរ ឬទេ​។​

​ជាក់ស្តែង មហាជន​ប្រហែលជា​នៅចាំ​មិនទាន់​ភ្លេច​នោះទេ ចំពោះ​ករណី​មួយ​ដែល​លោក​អភិបាល​ពោធិ៍សាត់ បាន​ដោះស្រាយ​បញ្ហា​ជូន​លោកយាយ​ម្នាក់ ដែល​ត្រូវបាន​កូនប្រុស​តិរច្ឆាន​ប្រើ​អំពើហិង្សា រហូតដល់​ថ្នាក់​ចង់​សម្លាប់​ម្តាយ និង​ព្រមទាំង​ជេរប្រមាថ​ម្តាយ​គ្រប់​សារពើរ តែ​ចុងក្រោយ កូនប្រុស​រូបនោះ និង​ប្រពន្ធ​ខ្លួន​ជា​កូនប្រសារ បាន​លុតជង្គង់​ក្រាប​សំពះសុំទោស​ម្តាយ​ដល់​បាតជើង ដែល​ធ្វើ​ឲ្យ​មហាជន​រំជួលចិត្ត​ស្ទើរ​ស្រក់​ភ្នែក​។​

​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ទះដៃ​កងរំពង​នោះ គឺ​លោកយាយ​ជា​ម្តាយ ដែល​បាន​អះអាងថា មិន​ព្រម​ទទួលស្គាល់ និង​លើកលែង​ឲ្យ​កូនប្រុស​រូបនោះ​ដាច់អហង្ការ​យ៉ាងណា តែ​ចុងក្រោយ នៅតែ​តែ​មិនអាច​យកឈ្នះ​ឥទ្ធិពល​នៃ​ពាក្យពេចន៍​ដ៏​ស្រទន់​រក​អ្វី​ប្រៀប​មិនបាន​របស់លោក​ផងដែរ​។ ចំណែក​កូនប្រុស​រមិល​គុណ​នោះ ដែល​ហ៊ាន​លើកដៃ​វាយ​ម្តាយ​ដូច​សត្វ​ធាតុ បានដឹង​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់ខ្លួន លុតក្រាប​សំពះ​ម្តាយ​ទាំង​ទឹកភ្នែក ក្រោយ​ត្រូវ​ទឹកមន្ត​សណ្តំ​ផ្លូវចិត្ត​ដ៏​ប៉ិនប្រសប់​របស់លោក និង​ការដាក់​សម្ពាធ​ក្នុង​លក្ខណៈ​មិន​ឲ្យ​រួចខ្លួន ប្រសិនបើ​ហ៊ាន​ប្រព្រឹត្ត​លើ​ម្តាយ​ទៀត​។​

​ដោយសារតែ​បាន​មើលឃើញ​ពី​គុណធម៌​ដ៏​ធំធេង តាមរយៈ​ការដោះស្រាយ​ទំនាស់​ដោយ​មិន​លម្អៀង និង​ថែមទាំង​ផ្តល់នូវ​ដំបូន្មាន​អប់រំ​ល្អៗ ជាហេតុ​ធ្វើ​ឲ្យ​ប្រជាជនមាន​ការពេញចិត្ត និង​គោរព​បំផុត ចំពោះ​ឯកឧត្តម ម៉ៅ ធនិន ជាខ្លាំង​រហូតដល់​ថ្នាក់​មហាជន ចាត់ទុក​លោក​ជា​ថ្នាក់ដឹកនាំ​មួយរូប ដែល​ប្រកបដោយ​ទសពិធរាជធម៌​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​បង្ហាញ​អារម្មណ៍​ពិត​ចេញពី​ចិត្ត​ថា​៖ «​លើកទីមួយ​ហើយ​ដែល​ខ្ញុំ​បាន​ស្តាប់ រហូតដល់​ចប់ ខ្ញុំ គោរព​លោក​ឯកឧត្តម ដែល​បាន​រក​យុត្តិធម៌ និង​ផ្តល់នូវ​ការ​ទូន្មាន​ដ៏​ល្អ​ចំពោះ​អ្នក​មិនដឹងថា ខ្លួន​ធ្វើ​អ្វី​ខុស ខ្ញុំ​សូម​គោរព​ពី​ចម្ងាយ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×