បុរសជាពលករម្នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ខណៈពេលដឹកចូលមកដល់ខ្លោងទ្វារចូលកន្លែងធ្វើចត្តាឡីស័ក នៅក្នុងក្រុងប៉ោយប៉ែត ក៏ស្រាប់តែលោតចុះពីលើឡាន រត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ។
បុរសរូបនោះត្រូវបានដឹងថា មានឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងទើបវិលត្រឡប់មកពីធ្វើការនៅក្នុងប្រទេសថៃ។
ទាក់ទងនឹងករណីនេះផងដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងតាមបណ្តាញសង្គម Telegram ឲ្យដឹងថា៖ «រឿងនេះគឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមកធ្វើចត្តាឡីស័ក ពេលដល់ក្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ»។
លោកស្រីក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នៅពេលនេះ សមត្ថកិច្ចកំពុងតាមរកបុរសរូបនេះ ដើម្បីយកមកគាត់មកវិញហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង