ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន ៤គ្រួសារ បានប្ដឹងលោកឧត្តមសេនីយ៍ទោ អ៊ុក គឹមលី នាយរងទីចាត់ការការងារព្រំដែន និងអគ្គបញ្ជាការកងទ័ពជើងគោក និងលោកវរសេនីយ៍ទោយឹម សេន អនុប្រធានការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ រួមទាំអមន្ត្រីមួយចំនួនទៀតទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យជួយអន្តរាគមន៍រឿងជម្លោះដីធ្លី។ ប៉ុន្តែលោកឧត្តមសេនីយ៍ទោ អ៊ុក គឹមលី បានបដិសេធ និងច្រានចោលចំពោះការចោទប្រកាន់ថា លោករំលោភយកដីប្រជាពលរដ្ឋ គឺមិនមែនជាការពិតទេ។
ប្រជាពលរដ្ឋបានប្ដឹងមន្ត្រីយោធាចំនួនពីររូប គឺលោកឧត្តមសេនីយ៍ទោ អ៊ុក គឹមលី នាយរងទីចាត់ការការងារព្រំដែន និងអគ្គបញ្ជាការកងទ័ពជើងគោកនិងលោកវរសេនីយ៍ទោយឹម សេន អនុប្រធានការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ ឃុបឃិតជាមួយលោកគឹម សំណាង អនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង និងមេឃុំត្រពាំងព្រៃ និងលោកមាស សារ៉េត អតីតប្រធានការិយាល័យបរិស្ថានស្រុកអន្លង់វែង ក្លែងឯកសារ លិខិតកាន់កាប់ប្រើប្រាស់ដីធ្លីខុសទីតាំងភូមិ រួចយកមកអះអាងលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលមានលិខិតកាន់កាប់ប្រើប្រាស់ស្របច្បាប់ស្ថិតនៅចំណុចផ្លូវបារាំង ក្នុងភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ នេះបើយោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៤គ្រួសារបានដាក់ប្ដឹងទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យជួយរកយុត្តិធម៌ដល់ពួកគាត់។
នៅក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋបានជម្រាបជូនសម្ដេចពិជ័យសេនា ទៀ បាញ់ យ៉ាងដូច្នេះថា ” លោកផ្កាយពីរ អ៊ុក គឹមលី និងលោកវរសេនីយ៍ទោ យឹម សេន យកអំណាចខ្លួនជាយោធាមករំលោភយក នឹងកាយស្រះដាំដំណាំស្វាយ ធ្វើផ្ទះនៅលើដីរបស់ពួកខ្ញុំទាំងបំពាន។ សូមបញ្ជាក់ថា នៅឆ្នាំ ២០១៥ ទីតាំងខាងលើនោះមានវិវាទជាមួយប្រជាពលរដ្ឋ ២១គ្រួសារនៅលើផ្ទៃដី ១៤០ហិកតាជាមួយនឹងលោកផ្កាយពីរ អ៊ុក គឹមលី។
នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៥ លោកផ្កាយពីរ អ៊ុក គឹមលី បានព្រមព្រៀងបញ្ចប់វិវាទដីធ្លីនិងពលរដ្ឋ ២១គ្រួសារ ដែលមានការបែងចែកព្រំប្រទល់ច្បាស់លាស់និងចូលរួមពីសំណាក់លោកស៊ី ប្រាសិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យនិងអភិបាលរងស្រុកអន្លង់វែង មេឃុំជាប់ព្រំប្រទល់ទាំងអស់ការិយាល័យភូមិបាល មេភូមិ និងមន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័នចូលរួមទៅដល់ទីតាំងដីនឹងចូលរួមប្រជុំធ្វើកំណត់ហេតុនៅក្នុងអង្គប្រជុំនៅសាលាស្រុកអន្លង់វែងដើម្បីបញ្ចប់រឿងរួចរាល់ ។ បែរជាលោកផ្កាយពីរ អ៊ុកលី បានរំលោភលើកិច្ចព្រមព្រៀងរបស់ខ្លួនបើកក្បត់កិច្ចសន្យាមកបំពានយកសារជាថ្មីម្ដងទៀត ។ ដោយទៅលួចក្លែងឯកសារនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នឹងឲ្យអនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងទៅវត្តធ្វើលិខិតប្រើប្រាស់ខុសទីតាំងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។ ពេលដែលយើងខ្ញុំឲ្យអ្នកសារព័ត៌មានធ្វើការចុះផ្សាយ បែរជាប្ដឹងពួកយើងខ្ញុំជាម្ចាស់កម្មសិទ្ធិស្របច្បាប់ទៅតុលាការចោទពីបទបរហាកេរ្តិ៏ទៅវិញដែលមានចេតនាយកស្ថាប័នតុលាការមកគំរាមកំហែងនិងបំបិទសិទ្ធិក្នុងការ បញ្ចេញមតិ តាមសារព័ត៌មានមិនឲ្យធ្វើការតវ៉ា ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសម្ដេចពិជ័យសេនា ទៀ បាញ់ មេត្តាជួយអន្តរាគមន៍ដើម្បីជាផុតពីការចោទប្រកាន់របស់តុលាការនិងបានដីមកជាកម្មសិទ្ធិវិញ”។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមលី បានបញ្ជាក់ប្រាប់ CEN កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ថា លោកធ្វើទៅតាមផ្លូវច្បាប់ បើប្រជាពលរដ្ឋរកឃើញកំហុស ឬក៏អ្វីដែលលោកបំពាន គាត់ធ្វើទៅតាមច្បាប់ទៅ។
លោកបានបញ្ជាក់ថា “រឿងនេះ ជារឿងដដែលៗ យូរមកហើយ ឥឡូវខ្ញុំក៏កំពុងដំណើរការតាមផ្លូវច្បាប់ទាក់ទងគាត់បរិហាកេរ្តិ៍ខ្ញុំ វាអត់មានមូលដ្ឋាន ហើយគាត់បំពានខ្ញុំ ខ្ញុំក៏មានសិទ្ធិរបស់ខ្ញុំដែរ បើគាត់រកឃើញចំណុចណាដែលខ្ញុំធ្វើខុសគាត់ប្តឹងខ្ញុំទៅ អត់បញ្ហាទេ ព្រោះយើងរស់នៅក្រោមច្បាប់ដូចគ្នា បើអ្នកណាបំពានអ្នកណា អ្នកនឹងទទួលខុសត្រូវ ព្រោះខ្ញុំអត់ដែលបំពានគេទេ បើរកឃើញថា ខ្ញុំបំពានរកភស្តុតាងមកដាក់បន្ទុកខ្ញុំទៅ”។
លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមលី បានបញ្ជាក់ទៀតថា លោកក៏មិនយល់ដែរ រឿងអីការងារដីធ្លី ប្តឹងទៅក្រសួងការពារជាតិ។ “ខ្ញុំក៏មិនយល់ដែរ រឿងអីការងារដីធ្លីគាត់ទៅប្តឹងទៅក្រសួងការពារជាតិ ក្រសួងការពារជាតិអ្នកដោះស្រាយរឿងដីធ្លីហើយក៏ម៉េច ខ្ញុំអត់ទាន់យល់ ព្រោះក្រសួងការពារជាតិដូចអត់ទាក់ទងការដោះស្រាយដីធ្លីផង”។ ដោយលោកបានលើកឡើងថា បើលោកទៅរំលោភបំពានប្រើអាវុធទៅបំពានគាត់ ឬក៏ដីដែលលោកទិញនឹងវាអត់មានឯកសារ លោកទៅចង្អុលយកអានឹងវាអាចទៅខ្លះ។
លោកបានអះអាងថា គាត់ចង់ប្តឹងលោកទៅណាប្តឹងទៅ តែឲ្យវាត្រូវការពិត បើអត់មមានការពិតទេ លោកត្រូវប្តឹងបកវិញហើយ៕រក្សាសិទ្ធិដោយ៖CEN