ភ្នំពេញ : ប្រិយមិត្ត និងមហាជនជាច្រើននៅក្នុងបណ្តាញសង្គម បានទទួលជ្រាប និងមានការហួសចិត្តជាខ្លាំងរួចហើយ ទាក់ទងនឹងហេតុការណ៍នៃករណីជម្លោះបង្កការភ្ញាក់ផ្អើល រវាងពូសន្តិសុខធនាគារ ABA និងបុរសជាអតិថិជនម្នាក់ ដែលបានចូលទៅដាក់លុយក្នុងធនាគារនេះ។
រឿងហេតុនេះផងដែរ ដែលឈានដល់អតិថិជនរូបនោះ សម្រេចចិត្តថតយកមកបង្ហោះឲ្យមហាជនបានឃើញបែបនេះ គឺដោយសារតែរូបគាត់ហាក់មានការក្តៅក្រហាយចំពោះពូសន្តិសុខនោះយ៉ាងខ្លាំង ព្រោះក្រោយពីបានឲ្យខ្លួនពាក់ម៉ាស់បានត្រឹមត្រូវ ក៏ស្រាប់តែបានបង្កជាសម្តីគំរោះគំរើយសម្លុតដាក់ខ្លួនដូចជាថា «ចូល ឬ មិនចូល បើមិនចូលលែងឲ្យចូលឥឡូវហើយ» និងបន្ទាប់មក ក៏រកវាយក្បាលគាត់១អាយកូមទៀតផង។ នេះបើតាមសម្តីរបស់អតិថិជនបាននិយាយនៅក្នុងវីដេអូ។
តែទោះយ៉ាងណា យើងក៏ពុំបានដឹងថាភាគីទាំងពីរ បានប៉ះពារសម្តីគ្នាលើសពីនេះ ឬយ៉ាងណានោះ។ ប៉ុន្តែ អ្វីដែលមហាជនជាច្រើនមានការហួសចិត្តនោះ គឺថាត្រង់ថាពូសន្តិសុខរូបនេះ មិនគួរណាបញ្ចេញឥរិយាបទដ៏មិនមានសេចក្តីថ្លៃថ្នូរ «ចំតិតគូថ» ដាក់អតិថិជនជាគូជម្លោះបែបនេះសោះឡើយ ដែលធ្វើឲ្យភ្នែកមហាជនមើលឃើញថា នេះជាសកម្មភាពដ៏ឈ្លើយណាស់ចំពោះអតិថិជន ក្នុងនាមជាបុគ្គលិករបស់ធានាគារដ៏ធំមួយនេះ។
តែអ្វីដែលយើងគ្រប់គ្នានឹកស្មានមិនដល់ និងស្ទើរតែមិនគួរឲ្យជឿនោះ គឺក្រោយពីរឿងនេះបានផ្ទុះឡើងបង្កឲ្យមានការរិះគន់ គេក៏ស្រាប់តែបានឃើញអតិថិជនដែលក៏ធ្លាប់ជួបរឿងស្រដៀងគ្នានេះដែរ បានចូលខមិនប្រាប់ឲ្យដឹងផងដែរ។ ក្នុងនោះគណនីមួយឈ្មោះ «ព្រហ្ម សិទ្ធិកល្យាណ» បានលើកឡើងបែបនេះថា៖ «សន្តិសុខធានគារ ABA សំដីពួកគាត់ឡូយៗណាស់ នៅផ្លូវជិតស្តុបផ្សារដីហុយ ក៏ចឹងដែរ»។ គណនីខាងលើបន្តឲ្យដឹងទៀតថា៖ «បើនៅផ្លូវអូបែកក្អមវិញ ពេលយើងចូលដាក់លុយមួយ១ភ្លែត ចតម៉ូតូមុខធនាគារហ្នឹងមិនស្រួល ស្តីថាឲ្យយើងប៉ាច់ៗ គ្មានចេះប្រាប់ ឬ និយាយឲ្យស្រួលទេ សំដីត្រឹមសន្តិសុខសោះថ្លោសម្លឹងៗហើយ ចុះទម្រាំក្លាយជា CO វិញ មិនដឹងយ៉ាងណាទេ អតិថិជនខ្ចីលុយហ្នឹង»។
តាមរយៈការលើកឡើងរបស់អតិថិជនខាងលើនេះផងដែរ គេក៏សូមអ្នកគ្រប់គ្រងធនាគារមិនថាតែ ABA ឬ ធនាគារដទៃ សូមពិនិត្យមើល និងអប់រំណែនាំបុគ្គលរបស់ខ្លួនឲ្យចេះគោរព និងក៏ដូចបង្ហាញកាយវិការ សម្តីសំដៅប្រកបដោយសុជីវធម៌ថ្លៃថ្នូរ ទៅកាន់អតិថិជនផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង