តព្រៃវែង៖ករណីអតីតគ្រូបង្រៀនដែលមានវ័យចាស់ជោរាពីររូប ( យាយ-តា ) និងគ្រូបង្រៀន ៤រូបទៀត ត្រូវបានគ្រូៗជំនាន់ក្រោយ និងមានការចូលរួមពីតំណាងរាស្ត្រម្នាក់ផងនោះ ដែលបណ្ដេញពួកគាត់ចេញពីផ្ទះសម្បែង និងដីអាស្រ័យផល ដែលធ្លាប់កាន់កាប់ គ្រប់គ្រងតាំងពីយូរយារណាស់មកហើយ នៅខាងក្រោយវិទ្យាល័យរស្មីសាមគ្គី ស្រុកពាមជរ ខេត្តព្រៃវែងនោះ ពេលនេះកំពុងចូលដល់ដៃ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីឈានទៅរកដំណោះស្រាយផ្ដល់ភាពសមរម្យណាមួយជូនភាគីទាំងសងខាងហើយ។
តាមប្រភពដែលស្និទ្ធនឹង លោក ដួង តារា បានឲ្យដឹងនៅ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នេះថា លោកយាយ លោកតា ព្រមទាំងអតីតគ្រូៗ សរុបចំនួន ៦នាក់ ដែលរងនូវការបណ្ដេញចេញពីផ្ទះសម្ដែង និងដីអាស្រ័យផលដែលធ្លាប់កាន់កាប់តាំងពីយូរមកហើយនោះ នឹងត្រូវជួបគ្នាជាមួយ លោក ដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ ដើម្បីបង្ហាញឯកសារ ភស្តុតាង ឈានទៅរកដំណោះស្រាយសមរម្យជូនភាគីទំនាស់ទាំងសងខាង ហើយទន្ទឹមនឹងនេះ ក្រុមមន្ត្រីដែលតាមដានវិវាទដ៏ក្ដៅគុកមួយនេះ សង្ឃឹមថា លោកយាយ លោកតា អតីតគ្រូបង្រៀន ចំនួន ៦នាក់ នេះ នឹងទទួលបានភាពយុត្តិធម៌មកវិញ។
ក្រុមមន្ត្រីការងារដែលចុះជួយពង្រឹងមូលដ្ឋាន ស្រុកពាមជរ នៃខេត្តព្រៃវែង បានលើកឡើងថា នៅពេលរឿងវិវាទដ៏ក្ដៅគគុកមួយនេះ ចូលដល់ដៃ លោកដួង តារា ជំនួយការផ្ទាល់របស់ សម្តេចតេជោហ៊ុន សែន ហើយនោះ សង្ឃឹមថា អតីតគ្រូបង្រៀនដែលមានវ័យចាស់ៗទាំង ៦នាក់ នេះ នឹងទទួលបានយុត្តិធម៌សមស្របមកវិញ ព្រោះថា កន្លងមកលោក ដួង តារា តែបានចូលរួមដោះស្រាយរឿងរ៉ាវវិវាទដីធ្លីជាច្រើនប្រកបដោយយុទ្ធសាស្ត្រឈ្នះឈ្នះ ហើយបានផ្ដល់ភាពយុត្តិធម៌សមរម្យជូនទៅភាគីទំនាស់ទាំងសងខាង ប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា អតីតគ្រូបង្រៀនមានវ័យចាស់ៗ ៦នាក់ ដែលត្រូវបានគ្រូៗជំនាន់ក្រោយ និងមានតំណាងរាស្ត្រម្នាក់ចូលរួមផងនោះ បណ្ដេញពួកគាត់ចេញពីផ្ទះសម្បែង និងដីអាស្រ័យផល មានឈ្មោះដូចតទៅ ÷ ១- លោកគ្រូ ប៊ុន ស៊ាប , ២- អ្នកគ្រូ សាយ ហ៊ុន , ៣- លោកគ្រូ ស្វាយផាន , ៤- លោកគ្រូ យិន ពៅ ( ស្លាប់ ) , ៥- លោកគ្រូ ញ៉ែម រុន , ៦- លោកគ្រូផល លី , ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំខាងលើ ប្រមាណជាង ១០០នាក់ បានផ្តិតមេដៃធ្វើជាសាក្សីដឹងឮថា គ្រូៗចូលនិវត្តន៍ទាំង ៦នាក់ នេះពិតជាបានរស់នៅលើដីធ្លីដែលបានកាន់កាប់កន្លងមក តាំងពីឆ្នាំ១៩៨១ ពិតប្រាកដមែន។
នៅក្នុងការបណ្ដេញអតីតគ្រូៗចាស់ៗទាំង ៦នាក់ ចេញនេះ ត្រូវបានក្រុមមន្ត្រី និងប្រជាពលរដ្ឋ បានចោទប្រកាន់ទៅលើអាជ្ញាធរស្រុកពាមជរ ខេត្តព្រៃវែង ថា បានគប់គិតជាមួយគ្រូៗជំនាន់ក្រោយ និងតំណាងរាស្ត្រម្នាក់ ជំរុញឱ្យសិស្សានុសិស្សប្រមាណ៥០០នាក់ សំរុកចូលកាប់បំផ្លាញផលដំណាំលើដីរបស់អតីតគ្រូបង្តៀនទាំង ៦នាក់នេះ ។ ប៉ុន្តែការចោទប្រកាន់ នេះ ត្រូវបាន លោក សេង ធា អភិបាលស្រុកពាមជរ បដិសេធ ថា លោកមិនបានចូលរួមនោះទេ អ្វីៗគឺត្រូវធ្វើតាមច្បាប់។
រឿងរ៉ាវចម្រូងចម្រាស់ ដ៏ក្តៅគគុកផ្អើលបណ្ដាញព័ត៌មាននេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លើដីអាស្រ័យផលមួយកន្លែង នៅខាងក្រោយ វិទ្យាល័យរស្មីសាមគ្គី ស្ថិតក្នុង ភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ដោយផ្ដើមចេញពីគ្រូៗជំនាន់ក្រោយព្រួតគ្នាប្តឹងគ្រូៗចាស់ៗចូលនិវត្តន៍ ទៅតុលាការ តែតុលាការមិនទាន់សម្រេចបែបណាផង ស្រាប់តែគេយកកូនសិស្សជាឈ្នាន់ប្រមាណ៥០០នាក់ ពពាក់ពពូនគ្នាចូលបផ្លាញដំណាំ ព្រមទាំងរុញច្រានទៅលើម្ចាស់ដីឲ្យចាកចេញពីលើដីដែលធ្លាប់រស់នៅនេះទៀតផង ។
ឥឡូវ រឿងរ៉ាវនេះ បានចូលដល់ដៃ លោកដួង តារា ជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីហើយ មជ្ឈដ្ឋានជាច្រើនកំពុងរង់ចាំមើលថា លោក ដួង តារា នឹងប្រើយុទ្ធសាស្ត្ររកដំណោះស្រាយឈ្នះឈ្នះបានជោគជ័យឬយ៉ាងណា ?៕រក្សាសិទ្ធិដោយ៖CEN