ភ្នំពេញ៖ អ្នករត់តាក់ស៊ីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងរថយន្តមួយគ្រឿងដោយមិនដឹងមូលហេតុ ក្រោយពេលមិត្តភក្តិជាអ្នកបើករថយន្តតាក់ស៊ីដូចគ្នា បានធ្វើដំណើរមកឃើញដេកស្លាប់ក្នុងរថយន្តហើយរាយការណ៍ប្រាប់ទៅក្រុមគ្រួសារនិងសមត្ថកិច្ចបង្កឲ្យការភ្ញាក់ផ្អើល។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 6និង30នាទីព្រឹកថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2020 នៅក្នុងរថយន្តតាក់ស៊ីរបស់ខ្លួនតាមបណ្ដោយផ្លូវលេខ51(ផ្លូវប៉ាស្ទ័រ) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះមែនឈ្មោះ នួន រ៉ាន ភេទប្រុសអាយុ 42 ឆ្នាំមុខរបរអ្នករត់តាក់ស៊ី taxi ស្នាក់នៅភូមិតាងួន សង្កាត់កាកាបទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងមានស្រុកកំណើតនៅស្រុកក្រោលគោខេត្តស្វាយរៀង។
តាមប្រភពពីរគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ បានបន្តឲ្យដឹងទៀតថា កន្លងមកជនរងគ្រោះពុំដែលធ្លាប់មានជំងឺប្រចាំកាយនោះទេ ហើយគាត់តែងតែរត់តាក់ស៊ីដឹកភ្ញៀវនៅក្នុងរាជធានីភ្នំពេញលុះរហូតដល់ថ្ងៃទី 26 ខែធ្នូឆ្នាំ 2020 ត្រូវនឹងថ្ងៃសៅរ៍ពេលល្ងាច ស្រាប់តែបាត់ដំណឹងជនរងគ្រោះមិនដឹងថា គាត់មិនបាត់ទៅទីណានោះទេលុះដល់វេលាម៉ោងប្រហែល 4 ទៀបភ្លឺឮមិត្តភក្តិរបស់ជនរងគ្រោះ ដែលជាអ្នករត់តាក់ស៊ីដូចគ្នា បានចេញទៅផឹកកាហ្វេ តែពុំឃើញជនរងគ្រោះហើយក៏បានខលហៅ តែពុំមានអ្នកលើកហើយក្រុមគ្រួសារក៏បានខលទំនាក់ទំនងជាបន្តបន្ទាប់ នៅតែមិនឃើញរហូតដល់ព្រឹកថ្ងៃទី 28 ខែធ្នូឆ្នាំ 2020 ស្រាប់តែមែនមិត្តភ័ក្តិ ដែលជាអ្នករត់តាក់ស៊ីដូចគ្នា បានធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវប៉ាស្ទ័រ ក៏បានប្រទះឃើញរថយន្តរបស់ជនរងគ្រោះចត នៅកៀនផ្លូវថ្នល់បានចុះទៅឃើញជនរងគ្រោះ ដេកស្លាប់នៅក្នុងរថយន្តតែម្តង រួចក៏បានរាយការណ៍ប្រាប់ទៅក្រុមគ្រួសារសាច់ញាតិ រួមទាំងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងទីតាំងកើតហេតុយកខ្សែមកហ៊ុមព័ទ្ធជុំវិញទីតាំងកើតហេតុ រួមទាំងរាយការណ៍ទៅសមត្ថកិច្ចជំនាញ ខាងកោសល្យវិច័យចុះមកពិនិត្យ ទៅលើសពរបស់ជនរងគ្រោះ រួចក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកទឹកថ្លា រង់ចាំធ្វើបុណ្យតាមប្រពៃណីនៅពេលក្រោយ៕ រក្សាសិទ្ធិ ដោយ ៖ ពន្លឺ