ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ ត្រូវបានធនាគារជាតិនៃកម្ពុជា NBC រំពឹងទុកថា អាចនឹងងើបឡើងវិញនៅក្នុងរង្វង់ ៤% ក្នុងក្តីរំពឹងដែលមានថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងអាចទប់ស្កាត់ការរីករាលដាលនៃមេរោគបាន នៅក្នុងឆមាសទី១ នៅឆ្នាំ២០២១នេះ។
របាយការណ៍ វឌ្ឍនភាព ម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ ឆ្នាំ២០២០ និងទស្សនវិស័យ ឆ្នាំ២០២១ របស់ ធនាគារជាតិនៃកម្ពុជា បានបង្ហាញឲ្យដឹងទៀតថា ការទទួលបានកំណើនងើបឡើងវិញ ក្នុងរង្វង់ ៤% នៅឆ្នាំក្រោយ២០២១នេះ អត្រាអតិផរណា រំពឹងថា មានកម្រិតក្រោម ៣% ជាកម្រិតទាបអាចគ្រប់គ្រងបាន ជាមួយនឹងស្ថិរភាពអត្រាប្ដូរប្រាក់ និងការរក្សាបានកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ។ ដោយឡែក ចំពោះស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ក៏បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះផងដែរថា នឹងអាចសម្រេចបានរង្វង់ពី ៤% ទៅ៦,៨%។
បើតាមធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០២១នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ រំពឹងថា សេដ្ឋកិច្ចពិភពលោក អាចងើបឡើងវិញ ប៉ុន្ដែអាចប្រឈម នឹងភាពមិនប្រាកប្រជាខ្ពស់។ បញ្ហាទាំងនេះ អាចនឹងបន្ដ ដាក់សម្ពាធ លើវិស័យខាងក្រៅរបស់កម្ពុជា ដែលក្នុងនោះ វិស័យទេសចរណ៍ អាចបន្ដធ្លាក់ចុះ ដោយសារតែ ការទទួលបាន ថ្នាំ បង្ការ ទាមទារ នូវពេលវេលា, ការលេចចេញ មេរោគកូវីដ-១៩ ប្រភេទថ្មី និងការភ័យខ្លាច ក្នុងការចេញធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ និងការថយចុះប្រាក់ចំណូល និងសន្សំ របស់ពួកគេជាដើម។
ដោយឡែកសម្រាប់ វិស័យកម្មន្ដសាល រំពឹងថា នឹងងើបឡើងជាលំដាប់ ជាពិសេស វិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ខណៈវិស័យ កសិកម្ម រំពឹងថា នឹងបន្ដមានកំណើនល្អ ដូចឆ្នាំ២០២០ដែរ។ វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថា នឹងងើបឡើងសន្សឹមៗ ស្របពេល ជាមួយនឹងកំណើន វិនិយោគ ផ្ទាល់ពីបរទេស។
វិស័យសណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជា វិស័យដឹកជញ្ជូន នឹងអាចបន្ដកើនឡើងវិញ ប៉ុន្ដែ ក្នុងល្បឿនយឺត ដោយសារតែ ការធ្លាក់ចុះ ទេសចរអន្តរជាតិ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០ វិស័យដែលទទួលរងការធ្លាក់ចុះខ្លាំងជាងគេ គឺមាន វិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង បន្ទាប់មក គឺវិស័យសំណង់ និងអចលនទ្រព្យ៕
រក្សាសិទ្ធិដោយ៖CEN