ស្ទឹងត្រែង៖នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ នេះ កងរាជអាវុធខេត្តស្ទឹងត្រែង កំពុងពង្រាយកម្លាំងតាមចាប់ខ្លួនខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់ប៉ូលិស ករណីគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងភ្នំពេញ ហើយបានគេចខ្លួនចូលព្រៃក្នុងខេត្តមណ្ឌលគិរី។
ក្រោយពីខ្មាន់កាំភ្លើងរត់គេចខ្លួន មកទឹកដីស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្រុកលំផាត់ ខេត្តរតនគិរី អស់រយៈពេលជាច្រើនថ្ងៃមកនេះ បានទទួលដំណឹងថាជនសង្ស័យទំនងជាគេចខ្លួន តាមព្រៃមកកាន់ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាននិយាយថា ក្រោមបញ្ជាចង្អុលបង្ហាញពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងចុះឡោមព័ទ្ធ តាមចាប់ខ្លួនខ្មាន់កាំភ្លើងបាញ់សម្លាប់ប៉ូលីសនាយរងព្រហ្មទណ្ឌកំរិតស្រាលនៅរាជធានីភ្នំ
ពេញ កន្លងមកហើយគេចខ្លួនរត់ចូលព្រៃ ក្នុងទឹកដីស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោកវរសេនីយ៍ឯក ដួង វិចិត្រ បានប្រាប់ថា ក្រោយទទួលព័ត៌មានថាខ្មាន់កាំភ្លើង កំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ អស់រយៈពេលជាច្រើនថ្ងៃមកនោះ បានគេចខ្លួនមកដល់ខេត្តស្ទឹងត្រែង។ ឥឡូវនេះ កម្លាំងកងរាជអាវុធហត្ថកំពុងឡោមព័ទ្ធ ភូមិសាស្ត្រឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ៖ សំណាង