ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅកណ្តាលអធ្រាត្រឈានចូលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅពីមុខកាស៊ីណូប៉ាវទូ ស្ថិតនៅផ្លូវឯករាជ្យ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិនម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង បានបើករថយន្ដទៅបុករថយន្តមួយគ្រឿងដែលចតស្ងៀម បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត ប៉ុន្តែមនុស្ស បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។
សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនបុរសជនជាតិចិនរូបនោះ ដើម្បីធ្វើតេស្ដរកជាតិស្រវឹង ហើយពិនិត្យឃើញមានផ្ទុកជាតិអាល់កុល០,៨៤ml/L។ ជនជាតិចិនរូបនេះឈ្មោះ Bing Feng ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរបុគ្គលិក កាស៊ីណូដាយមិនស៊ី។
នគរបាលចរាចរណ៍ផ្លូវគោក អោយដឹងថា មុនពេលកើតហេតុ ជនជាតិចិនរូបនេះ បានផឹកស្រាបៀរ នៅក្នុងហាងមែនឆឺស្ទី បន្ទាប់មក បានបើករថយន្ត១គ្រឿងម៉ាក LUXES RX 300ពណ៌ស ផ្លាកលេខ ព្រះសីហនុ 2A-8575 មានគោលបំណងទៅលេងល្បែងស៊ីសងនៅកាស៊ីណូម្តុំតោពីរ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុករថយន្ត១គ្រឿង ម៉ាក COROLLA ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2C-7622 ដែលចតទុកនៅមុខផ្ទះ បណ្តាលឲ្យរថយន្ដទាំងពីរគ្រឿងរងការខូចខាតស្ទើរទាំងស្រុង ប៉ុន្តែមិនមានមនុស្សរងរបួសទេ។
អ្នកបើករថយន្តជនជាតិចិន រូបនេះ ត្រូវបានសមត្ថកិច្ច នាំខ្លួនមកកាន់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងអាចឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តតាមនីតិវិធីបន្ត បើរកឃើញមានកំហុសឆ្គងធ្ងន់ធ្ងរ។ សមត្ថកិច្ចអោយដឹងថា រថយន្ត ២គ្រឿង ដែលខូចខាត បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ ដើម្បីរង់ចាំភាគីពាក់ព័ន្ធមកដោះស្រាយនៅពេលក្រោយ៕ ដែន សីមា