ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងប្រតិកម្មខ្លាំងៗចំពោះគម្រោងបូមខ្សាច់ដាក់សមុទ្រ របស់ឧកញ៉ា ជា លាងហុងដើម្បីបង្កើតទៅជាទីក្រុង ដែលផ្សាយតាមព័ត៌មាននានា ហើយបានបញ្ជាឲ្យអភិបាលខេត្តកោះកុង ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន ត្រូវឆ្លើយតបលើបញ្ហានេះ។
សូមជំរាបថា សារព័ត៌មានមួយចំនួនបានចុះផ្សាយថា៖ ឧកញ៉ា ជា លាងហុង ហ៊ានទិញដីតំបន់សហគមន៍១៣ហិកតា ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ដីប្រមាណ២ហិកតា ក្នុងចំណោម១៣ហិកតា ត្រូវបានគេលួចបូមខ្សាច់ចាក់បំពេញ។
នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីបិទសន្និសីទជាតិស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ឥឡូវឮថា គេបូមខ្សាច់ដាក់សមុទ្រ បង្កើតទៅជាស្ថានភាពទីក្រុង អាហ្នឹងអ្នកណាឲ្យធ្វើ សួរមួយអត់ដឹង ពីរអត់ដឹង ចឹងអស់លោកទៅធ្វើអី នេះជាចំណុចដែលយើងត្រូវនិយាយ ខ្ញុំមិនដឹងថាប្រាកដ ឬមិនប្រាកដនោះទេ ព្រោះមានការផ្សាយតាមទូរទស្សន៍ ការផ្សាយតាមកាសែតហើយ ក៏ប៉ុន្ដែមិនទាន់មានការ បញ្ជាក់ណាមួយនៅឡើយទេ អាហ្នឹងបើនិយាយពីស្ថាប័ន គឺភារកិច្ចរបស់ ជា សុផារ៉ា ភារកិច្ចរបស់ សាយ សំអាល់ ហើយមើលៗអាហ្នឹងវាយ៉ាងមិច បានជាហ៊ានទន្ទានយកដីរដ្ឋក្នុង តំបន់ព្រៃកោងកាង ដែលត្រូវការពារហើយបូមដីដាក់ បូមខ្សាច់យកមកដាក់ហើយចង់បង្កើតទៅជាទីក្រុង។ ប៉ុន្មានថ្ងៃនេះអត់ឮសូរស្ថាប័នណាប្រតិកម្ម ជាមួយការចុះផ្សាយនេះទេ តើវាយ៉ាងមិច ចឹងទេអភិបាលខេត្តកោះកុង ត្រូវធ្វើការឆ្លើយតបមើល តើវាយ៉ាងមិចរឿងហ្នឹង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ក៏ដូចជាក្រសួងបរិស្ថាន ដែលទទួលបន្ទុកទៅការទទួលការពារ ធនធានធម្មជាតិ ត្រូវឆ្លើយតបយ៉ាងមិច ហើយអភិបាលខេត្តកោះកុងជាស្ដ្រីផង យេនឌ័រ តែមិនមែនថាយេនឌ័រ ត្រូវបានទទួលការលើលែង មិនស្ដីបន្ទោសទេណាអត់ទេ ព្រោះនេះជាភារកិច្ច។
សម្តេចបានថ្លែងថា ចាប់តាំងពីបានឮនូវព័ត៌មាននេះ មិនទាន់ឃើញមានរដ្ឋមន្ដ្រីពាក់ព័ន្ធ ពិសេសរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកោះកុងផ្ទាល់តែម្ដង មិនទាន់ការឆ្លើយតប ឬប្រតិកម្មយ៉ាងណាចំពោះការលេចឮនោះនៅឡើយទេ។ ការប្រគល់តួនាទី ឬតំណែងឲ្យទៅមន្ដ្រីណាម្នាក់ មិនឲ្យយកទៅលំអរ និងដើរសំញ៉ែងគេឯងនោះទេ គឺត្រូវមានការទទួលខុសត្រូវចំពោះសមត្ថកិច្ចដែនដីរបស់ខ្លួន និងចាំបាច់ត្រូវតែបម្រើប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ដីតំបន់ឆ្នេរ និងសហគមន៍ទំហំជាង ១៣ ហិកតាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យបង្កើតជាដែនជម្រកសត្វព្រៃពាមក្រសោប ត្រូវបានគេលក់ឲ្យឧកញ៉ាម្នាក់ ដោយមានអាជ្ញាធរមូលដ្ឋានជាអ្នកស៊ីញ៉េទទួលស្គាល់ផងដែរ។
ក្រោយពីលក់ឲ្យលោកឧកញ៉ារួចហើយ ដីទំហំប្រមាណជា ២ ហិកតា ក្នុងចំណោមជាង ១៣ ហិកតាដែលស្ថិតក្នុងភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ត្រូវបានគេលួចបូមខ្សាច់ចាក់បំពេញដោយគ្មានការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន។ ការបូមខ្សាច់នោះត្រូវបានផ្អាក ហើយឧបករណ៍បូមត្រូវបានគេរើចេញស្ទើរអស់នៅមុនពេលដែលអាជ្ញាធរក្រុង និងមន្ត្រីបរិស្ថានចុះទៅពិនិត្យកាលពីខែធ្នូ ឆ្នាំ ២០១៧។ អាជ្ញាធរខេត្តបានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតពីបទល្មើសនេះ។
លិខិតលក់ទិញដីធ្លីមួយមានចុះហត្ថលេខាអតីតមេភូមិ និងអតីតចៅសង្កាត់ស្ទឹងវែង កាលពីថ្ងៃទី ៩ ខែមីនាឆ្នាំ ២០១៧ លោក សុខ គឹមហុង និងភរិយាឈ្មោះ ស៊ីវ ជូ រស់នៅក្នុងភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទបានលក់ដីចំនួនសរុប ១៣៣ ៩៦០ ម៉ែត្រក្រឡាស្មើនឹង ១៣៣៩៦ ហិកតាឲ្យទៅឈ្មោះ ជា លាងហុង ដែលជាឧកញ៉ារស់នៅក្នុងរាជធានីភ្នំពេញ។ ដីជាង ១៣ ហិកតានោះមាន ៣ ក្បាលដីផ្សេងៗគ្នាដែលមានព្រំប្រទល់ខាងត្បូង និងខាងលិចទល់នឹងសមុទ្រ ជាតំបន់ឆ្នេរ និងព្រៃកោងកាង៕ ដោយ៖បញ្ញាស័ក្តិ