ស្ទឹងត្រែង ៖ អ្នកជាប់ឃុំចំនួន ៨៧នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ផ្ទេរចេញពីពន្ធនាគារខេត្តក្រចេះ មកឃុំខ្លួនបណ្តោះអាសន្ននៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ។
លោកឈុន ដារ៉ា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករានេះថា ពិតជាមានការផ្ទេរអ្នកទោសចេញពីពន្ធនាគារខេត្តក្រចេះ មកខេត្តស្ទឹងត្រែងចំនួន ៨៧ នាក់ ពិតប្រាកដមែន។ លោកបានបញ្ជាក់ថា ការផ្ទេរនេះធ្វើឡើង បន្ទាប់ពីមានការស្នើសុំពីពន្ឋនាគារខេត្តក្រចេះ ទៅអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ហើយថ្នាក់លើក៏បានសម្រេចឱ្យអ្នកទោសទាំងនោះ ដឹកមកឃុំខ្លួនបន្ត ក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។
លោក នុត សាវនា នាយករងអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែមករានេះថា ការផ្ទេរអ្នកជាប់ឃុំជាង៨០នាក់ ចេញពីក្នុងពន្ធនាគារខេត្តក្រចេះ មកកាន់ខេត្តស្ទឹងត្រែង ដោយសារនៅក្នុងពន្ធនាគារខេត្តក្រចេះ មានចំនួនអ្នកជាប់ឃុំរហូតដល់ទៅ៧០៧នាក់។ បច្ចុប្បន្នពន្ធនាគារ នៅខេត្តក្រចេះ អាចដាក់អ្នកជាប់ឃុំបានក្រោម ៤០០ នាក់ប៉ុណ្ណោះ។ ពីព្រោះទីតាំងមានលក្ខណៈតូចចង្អៀត។
ដោយឡែកពន្ធនាគារនៅខេត្តស្ទឹងត្រែង មានលក្ខណៈធំទូលាយ និងមានការសង់អគារបន្ថែម ជាបន្តបន្ទាប់ អាចដាក់អ្នកជាប់ឃុំបានចំនួនច្រើន។ ម្យ៉ាងទៀតពន្ធនាគារខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ស្ថិតនៅភូមិភាគឦសានតែមួយ បង្កលក្ខណៈងាយស្រួល សម្រាប់សាច់ញាតិសួរសុខទុក្ខជនជាប់ឃុំ។ ការនាំខ្លួនអ្នកជាប់ឃុំឡើងសាវនាការ ទៅសាលាដំបូងខេត្ត ក្នុងតំបន់ជិតគ្នា ក៏កាន់តែមានលក្ខណៈងាយស្រួលផងដែរ៕ រក្សាសិទ្ធិដោយ៖សំណាង