ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
រាជរដ្ឋាភិបាល សម្រេច ត្រូវបានកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំ ១៤៥.៦២៧ ម៉ែត្រការ៉េ (មួយរយសែសិបប្រាំពាន់ប្រាំមួយរយម្ភៃប្រាំពីរម៉ែត្រក្រឡា) ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដូចមាន តារាងនិយាមកា។
សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្មវត្ថុករណីសំណើគោរពសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បី ធ្វើការស្ថាបនាជញ្ជាំងទប់ដីអំពីបេតុងអារម៉េ (Concrete Sheet-Pile) នៅអាងស្តុកទឹកបឹងត្របែក ទំហំ១៣,៣ហិកតា និងជីកស្តារជម្រៅអាងស្តុកទឹក ឱ្យបានជ្រៅជាងពេលបច្ចុប្បន្ន ដើម្បីដោះស្រាយការលិចលង់នៅក្នុងរាជធានីភ្នំពេញ។
យោង ៖ -លិខិតលេខ០៦៧/២០ លស.គ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ។ -លិខិតលេខ៦៥១ ខន/០២០ សជណ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ -ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាល យល់ព្រមអនុញ្ញាតជាគោលការណ៍ដូចខាងក្រោម៖ ១- ធ្វើការស្ថាបនាជញ្ជាំងទប់ដី អំពីបេតុងអារម៉េ(Concrete Sheet-Pie) ព័ទ្ធជុំវិញអាងស្តុកទឹកបឹង ត្របែកទំហំ១៣,៣ហិកតា ដើម្បីកុំឱ្យមានការរំលោភបន្តទៀត។ ២- ជីកស្តារអាងស្តុកទឹកបឹងត្របែកខាងលើ ឱ្យមានជម្រៅជ្រៅជាងពេលបច្ចុប្បន្ន ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្តុកទឹកភ្លៀង ឱ្យស្របតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យស្ថានីយបូមទឹកអាច បូមទម្លាក់បន្តទៅកាន់ប្រព័ន្ធបង្ហូរទឹក នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។ ៣-ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់ និងមិនលើកលែង ចំពោះអ្នកដែលរំលោភកាន់កាប់ ហើយមកធ្វើការតវ៉ា និងរារាំងអាជ្ញាធរ ក្នុងពេលចុះអនុវត្តគម្រោងខាងលើនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ