ភ្នំពេញ ៖ ក្នុងពីធីសម្ពោធសមិទ្ធផលថ្មី គឺអគារទីស្ដីការ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយមអគារ ” វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ” នាព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា សម្ដេចបានសម្រេចយក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ធ្វើជាអធិបតីភាពនៃពិធីសម្ពោធអគារថ្មី ទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ទាក់ទិននឹងការសម្ពោធ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ នឹងមានសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺនៅថ្ងៃទី០៤ នោះ ចំថ្ងៃខួបកំណើតផ្លូវការរបស់ខ្ញុំ, ពេលនោះយើងនឹងរៀបចំខួបនៅក្នុងអគារនោះតែម្តង ព្រោះខែនោះក្តៅអញ្ចឹងយើងរៀបចំនៅក្នុងអគារ ដើម្បីជាបទពិសោធន៍ សម្រាប់ការឈានទៅមុខជាមួយនឹងដំណើរការប្រក្រតី ឬជីវភាពដោយប្រក្រតី តាមគន្លងថ្មី នេះជាចំណុចដែលខ្ញុំគ្រាន់តែ ចាប់ផ្តើមបញ្ជាក់អំពីរបៀបសមយុទ្ធមួយនៃវិធីថ្មីរបស់យើង ដែលចំណុចនេះធ្លាប់ធ្វើនៅសៀមរាប កាលនោះទ្រង់ទ្រាយតូច ប៉ុន្តែ ឥឡូវ យើងធ្វើទ្រង់ទ្រាយធំបន្តិច។
ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការផ្លាស់ប្ដូរអាគារទីស្ដីការក្រសួង និងសម្រួលការធ្វើការប្រកបដោយផាសុកភាព និងមានទីធ្លាធំទូលាយនោះ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីការបែងចែកថា ទីតាំងក្រសួងសាធារណការចាស់ នៅជិតវត្តភ្នំ ប្រគល់ជូនទៅ ក្រសួងរ៉ែ និងថាមពល, ហើយទីស្តីការ ក្រសួងរ៉ែ និងថាមពលចាស់ជិតផ្សារថ្មី ប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សម្រាប់ទីតាំង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាស់ ត្រូវប្រគល់ជូនក្រសួងអភិវឌ្ឍន៍ជនបទ, ដោយឡែកទីតាំង ក្រសួងអភិវឌ្ឍន៍ជនបទចាស់ ត្រូវប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ។ ចំណែក អគារទីស្តីការ ក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងសាងសង់ផងដែរ ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN