ភ្នំពេញ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀល ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តម Pablo Chiho Kang បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី នាពេលកន្លងមក។ ឯកឧត្តម បានបញ្ជាក់ពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី តាមរយៈសកម្មភាពអភិវឌ្ឍន៍នានាបន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងអាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីពិចារណាលើជំនួយបច្ចេកទេសលើការគ្រប់គ្រងបរិស្ថាន ជាពិសេសការរៀបចំទីក្រុងនិរន្តរភាព ដែលមានផែនការគ្រប់គ្រងលើអនាម័យបរិស្ថាន ការគ្រប់គ្រងសំរាម និងទឹកកខ្វក់ជាដើម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ