Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី នៅ​ខេត្តកំពង់ចាម ខណៈ​តម្លៃ​ត្រី​គ្រប់​ប្រភេទ​មានការ​កើនឡើង​ល្អប្រសើរ

​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែមករា ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ជាមួយ​ដោយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា និង​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លោក ផាន់ ភិរម្យ ស្ថិតនៅ​ភូមិ​ស​ង្កើ​ប ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​លោក ភិរម្យ បាន​ឲ្យ​ដឹងថា កសិដ្ឋាន​ចិញ្ចឹម​ត្រី​នេះ​បាន​ដំណើរការ​ជាង ៥​ឆ្នាំ​ហើយ បច្ចុប្បន្ន​កសិដ្ឋាន​មាន​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​ចំនួន ៨​ស្រះ ទំហំ​ចាប់ពី ៦ ០០០-១០ ០០០​ម៉ែត្រការ៉េ លើ​ផ្ទៃដី ៦​ហិកតា សមត្ថភាព​ផលិត​ត្រី​ប្រា​បាន ៧ ០០០​តោន​ក្នុង​មួយឆ្នាំ​។ ម្ចាស់​កសិដ្ឋាន​បាន​ឲ្យ​ដឹងថា​កសិដ្ឋាន​កំពុង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ពោ និង​ត្រី​ប្រា​ពង្រីក​បន្ថែម ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​។
​ពិនិត្យឃើញ​ទិដ្ឋភាព​ជារួម និង​សកម្មភាព​ចិញ្ចឹម (​ផ្តល់​ចំណី​) របស់​កសិដ្ឋាន​រួចមក ឯកឧត្ដម​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក ភិរម្យ ប្រកាន់ យក​របរ​ចិញ្ចឹម​ត្រី​ពោ ត្រី​ប្រា និង​ត្រី​ឆ្តោ ដើម្បី​ចូលរួមចំណែក​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងស្រុក ដែល​ចេះតែមាន​ការកើនឡើង​ជា​លំដាប់​។ បច្ចុប្បន្ន តម្លៃ​ត្រី​គ្រប់​ប្រភេទ​មានការ​កើនឡើង​ល្អប្រសើរ ដោយសារ​ក្រសួង​បាន​ចាត់វិធានការ​ផ្អាក​ការ​នាំចូល​ប្រភេទ​ត្រី​មួយចំនួន​ដែល​ប្រជាកសិករ​អាច​ចិញ្ចឹម​បាន ហើយ​បាននិងកំពុង​ប្រមូល​ចាប់​ត្រី​យកទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​។ ឆ្លៀត​យក​ឱកាស​នេះ ចេញពី​កសិដ្ឋាន​លោក ភិរម្យ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​វា​រី​វប្បករ​កម្ពុជា​ត្រូវ​បន្ត​រក្សា និង​ខិតខំ​ពង្រឹង ពង្រីក​មុខរបរ​នេះ​បន្ថែម​ទាន់​ឱកាស​មាស​មកដល់ ដោយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​អនុវត្ត​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ចងក្រង​បណ្តុំ​ផលិត ចូល​ជា​សមាជិកសមាគម​វា​រី​វប្បករ​កម្ពុជា បើ​អាច​រៀបចំ​កន្លែង​ប្រមូល​ទិញ និង​លក់​ចែក ចាយ​ត្រី និង​ផល​ត្រី​របស់​សមាជិក ធ្វើ​យ៉ាងនេះ​ដើម្បី​ទទួលបាន​ព័ត៌មាន​ទីផ្សារ បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ និង​ឈានទៅ​បង្កើត​កន្លែង​កែច្នៃ​ផល​ត្រី ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ និង​ជាពិសេស​កាត់ បន្ថយ​ហា​នី​ភ័យ​ដោយសារ​បរិមាណ​ផលិត​លើសពី​តម្រូវការ​។ ករណីនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​បន្ថែមថា ក្រសួង​ដែលមាន​រដ្ឋបាល​ជលផល​ជា​សេនាធិការ​នឹង​នៅ​រង់ចាំ​ផ្តល់​កិច្ចសហការ​ទាំង​បច្ចេកទេស និង​ច្បាប់​ដើម្បី​ទទួលបាន​ប្រយោជន៍​រួម​គឺ​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​សម​ស្របតាម​តម្រូវការ និង​ឈានទៅ​ធ្វើការ​នាំចេញ​ស្របតាម​ស្តង់ដា​ទីផ្សារ​បញ្ជា ទិញ​នាពេល​អនាគត​។​

​នៅ​ខេត្ត​កំ​ព​ចាម​ដដែល ចេញពី​ស្រុក​បាធាយ ឯកឧត្តម​រដ្ឋមន្ត្រី លោក និង​សហការី បាន​បន្ត​មក ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រា ពោ អណ្តែង និង​ត្រី​ឆ្តោ របស់លោក លក លឿង ស្ថិតនៅ​ភូមិ​តា​កុ​ច ឃុំ​ស្រងែ ស្រុក​ព្រៃឈរ​។ លោក លក លឿង​បាន​ឲ្យ ដឹងថា កសិដ្ឋាន​បានចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ ២០១១ លើ​ផ្ទៃដី ៣​ហិកតា ទទួលបាន​ផល​៣០ តោន​ក្នុង​មួយឆ្នាំ​។ ដោយមាន​ការជួយជ្រោមជ្រែង​ពី​រដ្ឋបាល​ជលផល មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជាពិសេស​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ដែល​បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​ខិតខំ​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ ពិសេស​ត្រី​អណ្តែង និង​កង្កែប​ដើម្បី​បម្រើ​ឲ្យ​សេចក្តីត្រូវការ​ក្នុងស្រុក ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺឆ្លង​កូ​វីដ​-១៩ និង​ចំណាត់ការ​ចុងក្រោយ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ផ្អាក​ការនាំ​ចូល​ត្រី​ពី​ប្រទេសជិតខាង និង​ទទួលបាន​ប្រាក់កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បច្ចុប្បន្ន​កសិដ្ឋាន​ពង្រីក​ស្រះ​ចិញ្ចឹម​បាន ៤៤ លើ​ផ្ទៃដី ២៧​ហ​.​ត គ្រោង​ចិញ្ចឹម​ឲ្យ​បាន ៩៥០-១០០០​តោន​ក្នុង​មួយឆ្នាំ និង​ឡើងដល់ ២៥០០ តោន​ក្នុង​មួយឆ្នាំ ក្នុង​ឆ្នាំ​២០២៣​។ ជាក់ស្តែង​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​កសិដ្ឋាន​គ្រោង​ចាប់​ត្រី​ចម្រុះ​ចំនួន ១០០​តោន សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក​។
​មានមតិ​សំណេះសំណាល​ជាមួយ​វា​រី​វប្បករ​នៅ​ទូទាំង​ស្រុក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់វា​រី​វប្បករ​ដែល​បាន​អត់ធ្មត់ ស៊ូទ្រាំ និង​ឆ្លងកាត់​បញ្ហា​យ៉ាង​លំបាក​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏មាន​វិស័យ​ម្ហូប អាហារ​ដែល​ប្រើប្រាស់​ផល​ពី​វារីវប្បកម្ម​ក្នុងស្រុក ជាហេតុ​ធ្វើ​ឲ្យ​បរិមាណ​ផ្គត់ផ្គង់​លើសពី​តម្រូវការ នាំ​ឲ្យ​តម្លៃ​ត្រី​ធ្លាក់ចុះ​ដោយ​ស្វ័យប្រវត្តិ​។ ហេតុផល​ដ៏​ចំបង​នេះ ក្រសួង​បានសម្រេច​ផ្អាក​ការនាំ​ចូល​ផល​ត្រី​ដើម្បី​ពង្រីក​ផលិតកម្ម​ក្នុងស្រុក និង​ទ្រទ្រង់​តម្លៃ​ត្រី​ឡើងវិញ ហើយ​ចំណាត់ការ​នេះ​ទទួល ការគាំទ្រ សាទរ និង​អរគុណ​ពី​វា​រី​វប្បករ​នៅ​ទូទាំងប្រទេស​។ ឆ្លៀត​យក​ឱកាស​នេះ លោក​បាន​ណែ នាំ​ឲ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​សមាគម​វា​រី​វប្បករ​កម្ពុជា ជួយ​ធ្វើ​ទីផ្សារ​ដើម្បី​រក្សា​និរន្តរភាព​ផលិតកម្ម​ចិញ្ចឹម ហើយ​គួរ​ជួយ​រៀបចំ​ផែនការ​ផលិតកម្ម ចងក្រង​បណ្តុំ​អ្នក​ចិញ្ចឹម រៀបចំ​ផ្សារណាត់​ដើម្បី​ផ្តល់ឱកាស​ឲ្យ​អ្នក​ចិញ្ចឹម ឈ្មួញ និង​អ្នកបញ្ជា​ទិញ បាន​ជួប​ពិភាក្សាគ្នា​លើ​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​។ បន្ត​បញ្ចូល​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត​ទាំង​ការផលិត​កូន ផ្តល់​ចំណី គុណភាព​ទឹក និង​បរិស្ថាន​ចិញ្ចឹម ឈាន​ឆ្ពោះទៅ​បំពេញ​ឲ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម រួមទាំង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម​សំដៅ​ដល់​ការកែច្នៃ ឆ្លើយតប​តាម​ស្តង់ដា​នាំចេញ​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ពី​ប្រទេស ជិត ខាង ហើយ​បាន​អំពាវនាវ​អ្នក​បរិភោគ​គួរ​ងាក​មកប្រើប្រាស់ ឬ​បរិភោគ​ផលិតផល​ក្នុងស្រុក​វិញ​ដើម្បី​ជួយ​ជំរុញ​កំណើន​ផលិតកម្ម​វារីវប្បកម្ម ឲ្យ​កាន់តែ​កើនឡើង​ទាំង​បរិមាណ គុណភាព និង​តម្លៃ ជាពិសេស លោក​សុំ​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យនេះ ដើម្បី​ចូលរួម​បង្កើន​ផលិតកម្ម​ស្បៀង ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក​ក្នុង​បរិបទ នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វិដ​-១៩​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​បងប្អូន​វា​រី​វប្បករ​ដែលមាន​វត្តមាន​នៅទីនេះ និង​នៅ​ទូទាំងប្រទេស​ថា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​ពិភាក្សា​ជាមួយ​លោក​ឧកញ៉ា​ធំៗ ដែលមាន​អាជីវកម្ម​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម ត្រៀម​រៀបចំ​បង្កើត​តំបន់ ឬ​សួន​សេដ្ឋកិច្ច​ពិសេស ក​សិ​-​ឧស្សាហកម្ម ក្នុងពេល​អនាគត​ដ៏​ខ្លី​ដើម្បី​ជំរុញ​ការនាំចេញ​កសិផល តាមរយៈ​ការប្រមូលផ្តុំ ឃ្លាំង​ស្តុក​ត្រជាក់ រោងចក្រ​កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា នៅពេល​តំបន់​នេះ​កើតឡើង នោះ​វា​នឹង​ជួយ​សម្រួល​ដល់​ការប្រមូលផ្តុំ​កសិផល​ក្នុងស្រុក កាត់បន្ថយ​ការកកស្ទះ ការធ្លាក់​ចុះថ្លៃ ការថែរក្សា​ទុក និង​ការ​ចែកចាយ​ក្នុង និង​ក្រៅ​ស្រុក​បាន​យ៉ាង​ល្អប្រសើរ មិនតែប៉ុណ្ណោះ​វា​ក៏​ជា​កន្លែង​ណាត់ជួប​ដ៏​មាន​សារសំខាន់​មួយ​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


×