Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​ក៏ត្រូវ​ការ​ជំនួយ​ពី​បារាំង​និង​អឺរ៉ុប​ផងដែរ មិនមែន​ត្រូវការ​ជំនួយ​តែ​ពី​ចិន​នោះទេ​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​។

​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន មាន​សមត្ថភាព​ផលិត​ទឹកស្អាត ៥២,០០០​ម៉ែត្រគូប ក្នុង​មួយថ្ងៃ ដែល​ពីមុន​អាច​ផលិត​ទឹកស្អាត​បានត្រឹមតែ ១២,០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។ នៅក្នុង​គម្រោង​ពង្រីក​សមត្ថភាព​រោងចក្រ​នេះ រួមមាន​ការពង្រីក​ប​ណ្ដា​ញ​បំពង់​ទឹកស្អាត​ប្រវែង ៥៨០​គីឡូម៉ែត្រ ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ២៨០,០០០​នាក់ បានទទួល​ទឹកស្អាត​ប្រើប្រាស់​ផ្ទា​ល់ពី​បណ្ដាញទឹក​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។ ជាពិសេស​ប្រជាពលរដ្ឋ​ចំណូល​ទាប រស់​នៅតាម​សហគមន៍ ស្ថិតនៅ​តំបន់​ជាយ រាជធានី​ភ្នំពេញ​បែក​ខាងត្បូង​។​

​ដោយឡែក​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​បាក់​ខែង គឺជា​គម្រោង​ទី​២ របស់​ផែនការមេ​ដំណាក់កាល​ទី​៣ នៅពេល​សិក្សា​របាយការណ៍​សមិទ្ធិ​លទ្ធភាព​នៅ​ឆ្នាំ​២០១៧ បានកំណត់​ទីតាំង​របស់​គម្រោង​ស្ថិតនៅ​សង្កាត់​បាក់​ខែង មាន​ចម្ងាយ ១០​គីឡូម៉ែត្រ ខាងជើង​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វា​)​។ គម្រោង​សាងសង់​ស្ថិតនៅ​សង្កាត់​បាក់​ខែង លើ​ផ្ទៃដី​ទំហំ​ធំ និង​ផ្លូវ​ទាំងសងខាង​មាន​ទំហំ​ធំ​ទូលាយ​ងាយស្រួល​ក្នុងការ​ដំឡើង​បំពង់​មេ​ដែលមាន​អង្កត់ ផ្ចិត​ធំ ដើម្បី​ដាក់​ឆ្លងកាត់​តាម​បាតទន្លេ​សាប រួច​ត​ភ្ជាប់​មក​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។ គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង គឺជា​គម្រោង​សាងសង់​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា មាន​សមត្ថភាព​ផលិត​ទឹកស្អាត ៤០០,០០០​ម៉ែត្រគូប​ក្នុង​ថ្ងៃ (​សម្រាប់​ជំហាន​ទី​១ និង​ជំហាន​ទី​២)​។ ដំណើរការ​សាងសង់​រោង​ចក្រ​នេះ នឹង​អនុវត្ត​ជា​ពីរ​ជំហាន​ស្របគ្នា​តែម្ដង និង​គ្រោង​ដាក់​ដំណើរការ​សាកល្បង​ក្នុង​សមត្ថភាព​ផលិត​ទឹកស្អាត​ពាក់កណ្ដាល (​ជិត​២០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​) នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ហើយ​នឹងដាក់​ដំណើរការ​ពេញ​សមត្ថភាព​ទាំងពីរ​ជំហាន (​ជិត ៤០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​) នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​សមិទ្ធផល​នាពេលនេះ ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការបំរើ​សេចក្តីត្រូវកា​រ​របស់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។

​ជាថ្មី​ម្តងទៀត នៅថ្ងៃនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​រំលឹកថា តំបន់​ព្រែក​តាសេក​នេះ ពីមុន​គឺជា​តំបន់​ពួនស្ទាក់​របស់​ពួក​ខ្មែរក្រហម​ដើម្បី​វៃ​ឆ្មក់​ចូល​ទីក្រុង​ភ្នំពេញ ជា​តំបន់​ព្រៃ​មិនមាន​មនុស្ស​រស់​នោះទេ ក៏ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​នេះ​បាន​ក្លាយជា​ទីប្រជុំជន ដែលមាន​គម្រោង​អភិវឌ្ឍ​ជាច្រើន​ហូរហែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​តម្រូវការ​ទឹក​ក្នុង​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន​ត្រូវការ​ទឹក​ជាង​៧០​ម៉ឺន​ម៉ែត្រគូប ខណៈ​ការផលិត​បាន​ត្រឹម​ជាង​៦០​ម៉ឺន​ម៉ែត្រគូប ខ្វះ​ប្រមាណ ១៥​ម៉ឺន​ម៉ែត្រគូប​។ ប្រជាពលរដ្ឋ​៤​ម៉ឺន​គ្រួសារ​ខ្វះ​ទឹក​ប្រើប្រាស់ តម្រូវការ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ គឺ​កើនឡើង​រាល់ថ្ងៃ ដូច្នេះ​ត្រូវតែ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ស្ថាប័នរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី និង​ទឹក​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អណរ​គុណ​ចំពោះ​ក្រសួង​ឧស្សាហកម្ម និង​រដ្ឋាករទឹក​ស្វ័យ​ក្រុងភ្នំពេញ និង​ក្រុមហ៊ុន​របស់​ប្រទេស​បារាំង ដែល​បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​នះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​ការត្រៀម បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ពី​ប្រទេស​អង់គ្លេស​និង​ចិន​បន្ថែមទៀត ក្នុងតម្លៃ​សមស្រប​ណាមួយ ខណៈ​អូស្ត្រាលី នឹង​ផ្ដល់​វ៉ាក់សាំង​៣​លាន​ដូ​ស ដល់​កម្ពុជា​ផងដែរ​។ កម្ពុជា​ក៏ត្រូវ​ការ​ជំនួយ​ពី​បារាំង​និង​អឺរ៉ុប​ផងដែរ មិនមែន​ត្រូវការ​ជំនួយ​តែ​ពី​ចិន​នោះទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទទូច​ឲ្យ​អ្នកដំណើរ ចូលមក​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ដោយ​មិនអាច​បន្ធូរបន្ថយ និង​ខកខាន​បានឡើយ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ កម្ពុជា​ជាថ្មី​ម្ដងទៀត​។ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ក៏ដូចជា​អ្នកដំណើរ​មកពី​ប្រទេស​ផ្សេងៗ ដែល​ចូលមក​កម្ពុជា ត្រូវតែ​ត្រួតពិនិត្យ​សុខភាព​ហើយ​ធ្វើ ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ជាដាច់ខាត​ដោយ​មិនអាច​កាត់បន្ថយ​ថ្ងៃ ធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ ។ បច្ចុប្បន្ននេះ​មាន​ពលករ ខ្មែរ​មកពី​ប្រទេស​ថៃ ចំនួន​ជាង​៧​ពាន់​នាក់ នៅ​ខេត្ត​ចំនួន​៧ បាន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​រយៈពេល​១៤​ថ្ងៃ ដោយ​មិនត្រូវ​ធ្វើការ កាត់បន្ថយ ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ ។

​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ភ្លេច​វិធានការ «៣​កុំ​» និង «៣​ការពារ​»​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​ព្រះ​គុណ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បានផ្តល់​ព្រះរាជ​អំណោយ និង​ជំនួយ​ជួយ​ទិញ​វ៉ាក់សាំង​។ សម្តេច​តេ​ជោ បាន​លើកឡើងថា ព្រះរាជ​កាយវិការ និង​កាយវិការ​ទាំងនេះ បង្ហាញ​ពី​ស្មារតី​នៃ​សាមគ្គីភាព​នៅក្នុង​សង្គម​កម្ពុជា​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចុច​ប៊ូ​តុង​ភ្ជាប់​មុខដំណ​បំពង់​មេ​នាំ​ទឹក និង​ប្រកាស​បើក​ការសាងសង់ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ចាប់​ពេល​ពេលនេះ​តទៅ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


×