ខេត្តកណ្តាល៖ កម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាលម្កាក់ កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ ករណីក្មេងទំនើងជាជនសង្ស័យប្រហែល ១០នាក់ ព្រួតគ្នាវាយ ជនរងគ្រោះបណ្តាលឲ្យ មានការរងរបួលធ្ងន់ធ្ងរដែលសម្រាកព្យាបាលនៅពេទ្យលោកសង្ឃ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកឈ្មោះ Oun len ដែលបានបង្ហោះនៅក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួន មានខ្លឹមសារ ៖ សូមសំណូមពរដល់អធិការដ្ឋានស្រុកអង្គស្នួល ជួយសម្របសម្រួលករណីមានការកាប់សម្លាប់នៅរម្មណីយដ្ឋានជង្លង់ម្លូដែលមានទីតាំងនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ទៅលើប្អូនប្រុសឈ្មោះ ភុំ សាមុត ក្នុងនាងខ្ញុំជាបងស្រីជនរងគ្រោះសូមសំណូមពរឱ្យសមត្ថកិច្ច ប៉ូលិសមេត្តាជួយសម្របសម្រួលក្នុងរឿងនេះផង ជួយរកឃាតករឱ្យឃើញដែលវាហ៊ានធ្វើដល់ថ្នាក់ហ្នឹង ពេលនេះជនរងគ្រោះមានការរងរបួលធ្ងន់ធ្ងរ ដែលសម្រាកព្យាបាលនៅពេទ្យលោកសង្ឃ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកអង្គស្នួល បានចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ធ្វើការស៊ើបអង្កេតស្រាវជ្រាវដល់ទីតាំងកើតហេតុភ្លាមៗ។
ជាលទ្ធផល បានបំភ្លឺឱ្យដឹងថា៖ ជាករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) កើតហេតុថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង១៤និង៣០នាទីចំណុច រម ណីយដ្ឋាន ជន្លុងម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះចំនួន ០១ នាក់ (របួសធ្ងន់) ឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ សិស្ស នៅភូមិ ចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកជនសង្ស័យប្រហែល ១០នាក់មិនទាន់ស្គាល់អត្តសញ្ញាណ។
កមកម្លាំងផ្នែកជំនាញស្រុកបញ្ជាក់សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុ ថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ១៥និង០០នាទី ជនរងគ្រោះបានទៅលេងនៅរមណីយដ្ឋានជន្លុងម្លូ ជាមួយមិត្តភក្តិស្រីៗចំនួន០៤នាក់ទៀត រួមមាន៖
១-ឈ្មោះ ចិត្ត នីតី ភេទស្រីអាយុ ១៧ ឆ្នាំ មុខរបរសិស្សនៅអង្គស្រែពោធិ៍ ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល។
២-ឈ្មោះ ផល ស្រីលក្ខ័ ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរសិស្ស នៅភូមិ ច្រកក្រសាំងឃុំ ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
៣-ឈ្មោះ ធា សុជាតា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្សនៅភូមិទន្លាប់ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល។
៤-ឈ្មោះសរ ស្រីលក្ខ័ ភេទ ស្រី អាយុ១៦ ឆ្នាំមុខរបរសិស្ស នៅភូមិពោធិ៍បួនឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល ។
ក្រោយមកឈ្មោះ ផល ស្រីលក្ខ័ ឈ្មោះ ធា សុជាតា ឈ្មោះ សរ ស្រីលក្ខ័ បាននាំគ្នាអង្គុយលេងនៅកញ្ចុះផ្សេងគ្នា ចំណែកឈ្មោះ ភុំ សាមុត និង ឈ្មោះ ចិត្ត នីតី អង្គុយនៅកញ្ចុះ០២នាក់ លុះដល់មោង១៦ជាង ស្រាប់តែមានមនុស្ស០១ក្រុម ប្រហែល១០នាក់ ជិះម៉ូតូមានកាន់កាំបិត ដាវមកកាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ហើយគេចខ្លួនបាត់អស់ទៅ។
បន្ទាប់មក សាច់ញាតិបាននាំយកជនរងគ្រោះទៅពេទ្យ អាត នៅភូមិអន្ទុងក្រវៀន ឃុំម្កាក់ ហើយបន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ បន្តទៀត។
នៅថ្ងៃទី៣១មករា២០២១ កម្លាំងផ្នែកជំនាញស្រុក បានចុះទៅដល់មន្ទីរពេទ្យលោកសង្ឃ ជួបជនរងគ្រោះ និងសាច់ញាតិ ដើម្បីសួរនាំស្ថានភាពជម្ងឺរបស់ជនរងគ្រោះ ។
ស្ថានភាពជនរងគ្រោះមានរបួសដូចខាងក្រោម៖ មានរបួសក្បាលផ្នែកខាងក្រោយមួយកន្លែង (ផុងលលាដ៍ក្បាល កំពុងតាមដានបន្ត)។ មានរបួសខ្នងខាងក្រោយមួយកន្លែង មុតដល់ឆ្អឹងខ្នង។ មានរបួសផ្នែកស្មាខាងឆ្វេងមួយកន្លែងមុតដល់ឆ្អឹង និងរបួសកំភួនដៃខាងឆ្វេង។ មានរបួសលើខ្នងដៃខាងស្ដាំមួយកន្លែង មុតដល់ឆ្អឹង។ មានរបួសលើប្រអប់ជើងខាងស្ដាំមួយកន្លែង មុតដល់ឆ្អឹង។ មានរបួសលើឆ្អឹងជំនីរខាងឆ្វេងមួយកន្លែង។
តាមការបញ្ជាក់របស់គ្រូពេទ្យ៖ ជនរងគ្រោះនៅសន្លប់មិនដឹងខ្លួន ។ ជនរងគ្រោះមិនអាចដកដង្ហើមដោយខ្លួនឯងគ្រប់គ្រាន់ ត្រូវការម៉ាស៊ីនអុកស៊ីសែនជួយបាញ់ខ្យល់បន្ថែម។ ចំពោះការវិវឌ្ឍន៍ជំងឺមិនច្បាស់លាស់ឡើយ អាចប្រែប្រួលគ្រប់ពេលវេលា។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាលម្កាក់ កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ