ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងស្នើបង្កើតកម្មវិធីលើកទឹកចិត្តដល់អាជ្ញាធរនិងជនមានពិការភាពគំរូដែលមានស្នាដៃល្អក្នុងការធ្វើបរិយាបន្នវិស័យពិការភាពទៅក្នុងការអភិវឌ្ឍឃុំ/សង្កាត់ ព្រោះការលើកទឹកចិត្តដល់មនុស្សដែលមានស្នាដៃបម្រើកិច្ចការពិការភាពនេះសំខាន់ណាស់។ អ្នកដែលធ្វើការក្នុងវិស័យពិការភាពភាគច្រើនគឺយកបេះដូងមកធ្វើការ ដោយមិនគិតពីការនឿយហត់ ពេលវេលា ឬកេងចំណេញផលប្រយោជន៍បុគ្គលនោះទេ។
ព្រឹកមិញនេះក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី វង សូត ឯកឧត្តម ឯម ច័ន្ទមករា មានឱកាសចូលរួមថ្លែងបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី “ការធ្វើបរិយាបន្នទៅក្នុងដំណើរការរៀបចំនិងកសាងកម្មវិធីវិនិយោគឃុំ/សង្កាត់ និងការធ្វើបរិយាបន្នគាំពាសង្គមកក្នុងការឆ្លើយតបជំងឺកូវី១៩” ដែលរៀបចំដោយអង្គការជនពិការកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិនិងជនមានពិការភាពព្រមទាំងសង្គមស៊ីវិលប្រមាណ ៧០នាក់។
ឯកឧត្តម ឯម ច័ន្ទមករា គិតថា “ការធ្វើវិនិយោគលើជនមានពិការភាពថ្ងៃនេះ គឺមានតម្លៃជួយខ្លួនឯងនិងក្រុមគ្រួសារសម្រាប់ថ្ងៃក្រោយ”។ ប្រទេសយើងមានសន្តិភាព នោះការអភិវឌ្ឍកាន់តែមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃពិសេសការអភិវឌ្ឍនិងកែសម្រួលឲ្យមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់បរិស្ថានរូបវន្ត និងមធ្យោបាយដឹកជញ្ជូនបម្រើជាសាធារណៈសម្រាប់ជនមានពិការភាព ការផ្តល់ចំណេះដឹងព័ត៌មាន និងទំនាក់ទំនងចំពោះជនមានពិការភាព ការធានាសមភាពយេនឌ័រ និងការលើកកម្ពស់សមត្ថភាព ស្ត្រីនិងកុមារពិការត្រូវបានលើកកម្ពស់ឡើងឥតឈប់ឈរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ