ខេត្តព្រះសីហនុ ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នាខេត្តព្រះសីហនុ មានដំណើរការរលូន និងអ្នកមានសិទ្ធិបោះឆ្នោតបានបង្ហាញវត្តមានគ្រប់ចំនួន នៅការិយាល័យបោះឆ្នោត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានប្រកាសថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ សម្រាប់ខេត្តព្រះសីហនុ អ្នកមានសិទ្ធិបោះឆ្នោតនេះមានចំនួនសរុបចំនួន ១៧៨នាក់ ឬសំឡេង។ ជាលទ្ធផល បានមកពីការបោះឆ្នោតនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ១៧៣សំឡេង។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២សំឡេង និងគណបក្សខ្មែររួបរួមជាតិទទួលបាន ៣សំឡេង។
ការបោះឆ្នោតតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៤ នាខេត្តព្រះសីហនុ បានរៀបចំឡើងនៅការិយាល័យបោះឆ្នោត(៧០០៦) ស្ថិតក្នុងបរិវេណ សាលាបឋមសិក្សាហ៊ុនសែនក្រុង ខេត្តព្រះសីហនុ។ គ.ជ.ប បង្ហាញថា ជាលទ្ធផលផ្លូវការ នៃការបោះឆ្នោត គឺគណបក្សប្រជាជន បាន ១៧៣សំឡេង។ គណបក្សហ៊្វុនស៉ិនប៉ិចបាន ២សំឡេង និងខ្មែររួបរួមជាតិទទួលបាន ៣សំឡេង។
លទ្ធផល នៃការបោះឆ្នោតនេះ ដូចការគិតទុកជាមុន របស់មន្ត្រីគណបក្សនីមួយៗអញ្ចឹងដែរ ពោលគឺសមាជិកគណបក្សនីមួយៗ ប្រាកដជាបោះឲ្យគណបក្ស របស់ខ្លួន៕ ដោយ ៖ សុធារី