ស្ទឹងត្រែង ៖ យុវជនម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនពាក់ព័ន្ធករណីកាប់យុវជនម្នាក់ទៀត បណ្តាលឲ្យរងរបួសជាទម្ងន់។ ការឃាត់ខ្លួននោះ ធ្វើឡើងនៅផ្ទះជនសង្ស័យភូមិ-ឃុំថាឡាបរិវ៉ាត់ វេលាថ្ងៃត្រង់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចក្បែរខណ្ឌរដ្ឋបាលព្រៃឈើ ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មានករណីកាប់យុវជនម្នាក់ បណ្ដាលឱ្យរងរបួស។
ក្រោយពីមានករណីកើតឡើង សមត្ថកិច្ចបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះថ្លៃ ជីវិត ហៅតុញ អាយុ ២១ ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុកថាឡាបរិវ៉ាត់។ ជនសង្ស័យបានកាប់ទៅលើជនរងគ្រោះឈ្មោះលិ ចាន់ឡុង អាយុ ១៨ ឆ្នាំ បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យករណីហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) និងប្រើប្រាស់សារធាតុញៀន ត្រូវបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សំណាង