Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ខេត្តស្ទឹងត្រែង ឆ្នាំនេះ​ជ្រូក​ខ្វៃ​សែន​ចិន មួយ​ក្បាល​ឡើងថ្លៃ ដល់​ទៅជិត​មួយ​លាន​រៀល​

​ស្ទឹងត្រែង ៖ អ្នក​ប្រកបមុខរបរ​ខ្វៃ​ជ្រូក​លក់ ក្នុងឱកាស​សែន​ចិន ចូលឆ្នាំ​ចិន​ឆ្នាំនេះ បាន​ដំឡើង​តម្លៃ​ចាប់​ពីមួយ​ក្បាល ៨០ ម៉ឺន ទៅមួយ​លាន​រៀល​។ តម្លៃ​ហក់​ឡើង​ខ្ពស់​បែបនេះ ក្នុង​រយៈពេល​ចូលឆ្នាំ​ចិន​ប៉ុណ្ណោះ​។​

​អ្នក​ប្រកបមុខរបរ​ខ្វៃ​ជ្រូក​នៅ​ក្រុង​ស្ទឹងត្រែង បាន​ប្រាប់​ឲ្យ​ដឹងថា តម្លៃ​ជ្រូក​ខ្វៃ​ក្នុង​មួយ​ក្បាល​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ត្រឹមតែ ៤០ ម៉ឺន​ទៅ ៥០​ម៉ឺន​រៀល​ទេ​។ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តម្លៃ​លក់​ចេញ​ជ្រូក​ខ្វៃ​បាន​កើន​រហូតដល់ ៨០​ម៉ឺន ទៅមួយ​លាន​រៀល ខុសពី​ឆ្នាំមុន (​ជ្រូក​ខ្វៃ​រួច​ទម្ងន់​ចាប់ពី​១៥​គីឡូក្រាម​ឡើង​)​។​
តាម​ការរៀបរាប់​ប្រាប់​ឱ្យដឹងពី​អ្នក​ខ្វៃ​ជ្រូក​នៅ​ខេត្តស្ទឹងត្រែង បាន​បន្តថា មូលហេតុ​តម្លៃ​ខ្វៃ​ជ្រូក​លក់​ចេញ​កាន់តែ​កើនឡើង​បែបនេះ ដោយសារ​ពួកគេ​ទិញ​ជ្រូក​មកពី​តាម​ជនបទ ក្នុងតម្លៃ​ខ្ពស់​រួចទៅហើយ​។​
ចំណែក​អ្នកដើរ​ទិញ​ជ្រូក​តាម​ជនបទ ក៏បាន​ប្រាប់​ផងដែរ​ថា ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ឥឡូវនេះ ពួកគាត់​មិនសូវ​ចិញ្ចឹម​ជ្រូក​ប្រភេទ​ជ្រូក​ឲ្យ​ចំណី​ធម្មជាតិ ដូច​ពីមុន​ទៀត​ទេ​។ ចំពោះ​ការចិញ្ចឹម​ជ្រូក​នៅតាម​ផ្ទះ​ទៀតសោត ក៏​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ចិញ្ចឹម​ច្រើន​ដែរ ទើប​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​នៅតាម​ជនបទ កាន់តែ​កើនឡើង​ហើយ​ពួកគេ​ដើរ​ទិញ ពី​ជនបទ​មក​លក់​បន្ត​ឲ្យ​អ្នក​ខ្វៃ​ជ្រូក នៅ​ក្រុង​ស្ទឹងត្រែង​ក៏​កាន់តែ​ខ្ពស់​។​
អ្នកមាន​មុខរបរ​ខ្វៃ​ជ្រូក​នៅ​ក្រុង​ស្ទឹងត្រែង បាន​ប្រាប់ថា ពួកគេ​ទិញ​ជ្រូក​ពី​អ្នក​ដឹក​តាម​ម៉ូតូ មកពី​ជនបទ​ក្នុងតម្លៃ​ថ្លៃ​ហើយ​ប្រើ​កម្មករ​សម្រាប់​រៀបចំ​ខ្វៃ​ជ្រូក​ផង​នោះ ទើប​ធ្វើ​ឲ្យ​ពួកគេ​ដំឡើង​តម្លៃ​កាន់តែ​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ ៖ សំណាង​

×