Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន អតីត​អធិការនគរបាល​ស្រុក​កំរៀង រឿង​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​

​ភ្នំពេញៈ តុលាការខេត្ត​បាត់ដំបង​បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក គឹម ពន្លក អតីត​អធិការនគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធ​រឿង​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​។ ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នេះ គឺ​ចេញ​ដោយ​លោក ឃី ឆៃ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​។​
នៅក្នុង​ដីកា គឺ​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ពន្លក ទៅ​ពន្ធនាគារ​ខេត្តបាត់ដំបង ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​។​
កា​រប​បង្គាប់​ឲ្យ​ឃុំខ្លួន​អតីត​អធិការនគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ធ្វើឡើង​ខណៈដែល​ស​ម​ត្ថ​កិច្ច​កំពុងតែ​ស្រាវជ្រាវ​រកម​ន្ត្រី​ដែល​ពាក់ព័ន្ធ​ដែល​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​។​

ពាក់ព័ន្ធ​ករណីនេះ កម្លាំង​សហការ​ប្រចាំការ​ច្រក​អន្តរជាតិ​ដូង កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ចាប់​មេខ្យល់​ម្នាក់​បាន​នាំ​ពលករ​ចូលមក​កម្ពុជា​។ មេខ្យល់​ដែល​ចាប់​ឈ្មោះ សាំ ចាន់ធូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​អាជីវករ​ក្នុង​ផ្សារ​ថៃ រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មេខ្យល់​ខាងលើនេះ ធ្លាប់បាន​ឃាត់ខ្លួន​ម្ដង​រួចមកហើយ​និង​បញ្ជូនទៅ​ឲ្យ​អធិការដ្ឋាន​នគ​បាល​ស្រុក​កំរៀង​ដើម្បីអោយ​សួរនាំ និង​ធ្វើ​កំណត់​ហរ​តុ​ទៅតាម​ផ្លូវច្បាប់​តែ​ត្រូវ​អធិការដ្ឋាន​គ​បាល​ស្រុក​កំរៀង​ដោះលែង​វិញ ។ ប​ច្ច​ប្បន្ន ត្រូវបាន​ឃាត់ខ្លួន​ម្ដង​ទៀតហើយ​បញ្ជូន​អោយ​ខាង​អធិការ​ស្រុក​កំរៀង​ចាត់​ការបន្ត​។​

​ប្រភព​បាន​បញ្ជាក់ថា មេខ្យល់​ដែល​ចាប់ខ្លួន អាច​ប្រឈមមុខ​នឹង​ការរត់ពន្ធ​មនុស្ស​ដោយ​ខុសច្បាប់​។ ហើយ​សមត្ថកិច្ច​កំពុងតែ​តាមរក​មេខ្យល់​មួយចំនួន​ដែល​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ បាន​បញ្ជាក់ថា ទាក់ទង​ករណី​អធិការនគរបាល​ស្រុក​កំរៀង ដែល​បាន​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់ គឺ​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​រក​អ្នក​ដែល​ពាក់ព័ន្ធ​។ ការបញ្ជាក់​នេះ​នៅក្រៅ​ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​ចំនួន ១៩​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង បាន​ប្រាប់​ទៅ​ស្នងការ​នគរបាល​រាជធានី ខេត្ត រួមទាំង​មន្ត្រីនគរបាល​ដែល​ពាក់ព័ន្ធ​ត្រូវ​មើល​គំរូ​អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​ដោះលែង​មេខ្យល់​នាំ​ពលករ​ខ្លង​ដែន​ខុសច្បាប់ ត្រូវបាន​ដកហូត​ឋានន្តរស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា បទពិសោធន៍​អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង គឺជា​បទពិសោធន៍​មួយ ធ្វើ​ការរំលោភ​វិជ្ជាជីវៈ រំលោភ​លើ​ឋានានុក្រម ដោយ​មិន​ខ្ចី​រាយការណ៍​ឲ្យ​ថ្នាក់លើ​បានដឹង គឺ​ខុស នេះ​ជា​បទពិសោធន៍​ដែល​ត្រូវ​សិក្សា​រៀនសូត្រ ហើយក៏​ដូចជា​កញ្ចក់​ស​ម្រា​ប់​យើងទាំងអស់គ្នា​ផងដែរ​។
​សម្តេច​ក្រឡាហោម​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​បទពិសោធន៍​អធិការ​ស្រុក​កំរៀង ជា​បទពិសោធន៍​មួយ យើង​ឃើញថា គាត់​ធ្វ់​ការរំលោភ​វិជ្ជាជីវៈ រំលោភ​លើ​ឋានានុក្រម ដោយ​គាត់​មិន​ខ្ចី​រាយការណ៍​ឲ្យ​អ្នកណា​ទេ គាត់​សប្បាយខ្លួន​គាត់ អាហ្នឹង​ខុស ជា​បទពិសោធន៍​មួយ​ដែល​យើងទាំងអស់គ្នា​ត្រូវ​សិក្សា​រៀនសូត្រ ហើយក៏​ដូចជា​កញ្ចក់​ស​ម្រា​ប់​យើងទាំងអស់គ្នា​ទេ​”​។​

​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ បានចេញ​អនុក្រឹត្យ​ដក​ឋានន្តរស័ក្តិ និង​បណ្តេញចេញ​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា ចំពោះ​វរសេនីយ៍ឯក គឹម ពន្លក នគរបាល​ជាន់ខ្ពស់​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×