ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះ តុលាការបានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយមានជនជាប់ចោទឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា , ឈ្មោះ ស កណិការ និងឈ្មោះ តុន និមល។ ការបន្តសវនាការនេះ គឺបន្ទាប់ពីតុលាការបានបើកដំណើរសវនាការកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
ជនជាប់ចោទទាំងបីនាក់ គឺបានចោទប្រកាន់ដោយគ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីទៅខាងភាគីវៀតណាមជាច្រើនរយហិចតា នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាការចោទប្រកាន់នេះ គឺជាការប្រឌិតក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ។
សូមជម្រាបថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោកសេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ពីបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោករ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការកាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីចោទប្រកាន់គ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដីទៅខាងភាគីវៀតណាមជាច្រើនរយហិចតា នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺជាការប្រឌិតរឿងក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ។
យោងតាមមាត្រា ៤៩៥. បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ៖ អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀលទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ៕ រក្សាសិទ្ធិដោយ៖ ចេស្តារ