ភ្នំពេញ ៖ អាងខ្លួនជាមន្ត្រីជានាយករងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រើហិង្សាលើស្ត្រីក្នុងហាងផឹកស៊ី និងគំរាមបាញ់សម្លាប់ថែមទៀត។ ការផ្ទុះហិង្សានេះ បានកើតឡើងដោយសារខឹងស្រីៗនៅក្នុងហាង ជំនោរមករា មិនព្រមទៅដេកជាមួយខ្លួន។ ជនបង្កឈ្មោះ ហាក់ លី ហៅ ពៅ។ ករណីនេះកើតហេតុនៅនៅក្នុងហាង ជំនោរមករា ស្ថិតភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ភាគីខាងមន្ត្រីប៉ូលិសបានរត់ការសម្របសម្រួលជាមួយជនរងគ្រោះដើម្បីបញ្ចប់រឿង និងមានការជួយសម្របសម្រួលពីមន្ត្រីមួយចំនួនផងដែរនៅក្នុងខេត្តព្រៃវែង។
ចំណែកកូនស្ត្រីរងគ្រោះសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយរកយុត្តុធម៌។
ខាងក្រោមនេះជាខ្លឹមសារកូនស្ត្រីរងគ្រោះបង្ហោះក្នុងហ្វេសប៊ុកសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តុធម៌។
“ខ្ញុំបាទ ម៉េង ឆានន់ គោរពជូន សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏ខ្ពង់ខ្ពស់។ បានមានករណីអំពើហឹង្សា នៅថ្ងៃ សុក្រ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា ម៉ោង ១២និង៥០ យប់ ឈានចូលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ បានកើតឡើងនៅ ភូមិ កំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
មានអំពើហឹង្សាមកលើម្តាយរបស់ខ្ញុំបាទ ឈ្មោះ ឡោ សារុំ អ្នកបង្កហឹង្សា ឈ្មោះ ហាក់ លី ហៅ ពៅ នៅក្នុងហ្វេស បុក ហាក់ លីមានស្រុកកំណើតនៅភូមិ កំពង់ឬស្សី ស្រុកពោរៀង ខេត្ត ព្រៃវែង។ មានគ្នា 5 នាក់ តែបង្កហឹង្សាតែមួយនាក់ទេ ឈ្មោះ ហាក់ លី ហៅ ពៅ ។ បានវៃ ម្តាយរបស់ខ្ញុំ ហើយអួតថាខ្លួនជាប៉ូលិសក្រសួងមហាផ្ទៃ។ ហើយបានបើទ្វាឡានដកកាំភ្លើងមកគំរាមរកបាញ់ម្តាយរបស់ខ្ញុំ មូលហេតុដោយសារខឹងស្រីៗនៅក្នុងហាង ជំនោរមករា មិនព្រមទៅដេកជាមួយ។ សូមគោរពជូនសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ជួយរកយុត្តិធម៌ដល់រូបម្តាយខ្ញុំបាទ”។
ចំពោះករណីនេះ អ្នកលេខបណ្តាញសង្គមហ្វេសប៊ុកបានរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃម្នាក់នោះ ដែលអាងអំណាចដើរគំរាហកំហែងលើប្រជាពលរដ្ឋស្លូតត្រង់។
ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ CEN នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះថា ចំពោះករណីខាងលើនេះ ខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងជាមួយខាងបុគ្គលិក កំពុងតែធ្វើការស្រាវជ្រាវករណីនេះ ឲ្យបានច្បាស់ និងកំពុងតែអនុវត្តតាមនីតិវិធីជាក់ស្តែង។
រីឯលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងមិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
មជ្ឈដ្ឋានទូទៅកកំពុងតែរង់ចាំមើលថា តើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងចាត់វិធានការបែបណាចំពោះមន្ត្រីប៉ូលិសរូបនោះ?៕ រក្សាសិទ្ធិដោយៈ ចេស្តារ