លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប លោក Amphay KINDAVONG ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។
លោករដ្ឋមន្ដ្រី បានជម្រាបជូន លោក ឯកអគ្គរដ្ឋទូត អំពីគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធនិងជំរុញកំ ណើន ពាណិជ្ជកម្មតារយៈការប្តេជ្ញារក្សាការបើកចំហរទីផ្សារសម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់និងសម្ភារៈវេជ្ជសាស្ត្រឆ្លងកាត់ព្រំដែនជាពិសេសក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19។
លោករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តដល់ប្រទេសឡាវឱ្យរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ឡាវ-វៀតណាម CLV DTA JCC លើកទី ១៣ ឱ្យបានឆាប់តាមប្រព័ន្ធវីដេអូសំដៅពង្រឹងនិងអនុវត្តកិច្ចសហប្រតិបត្តិការស្របតាមអនុសាសន៍ណែនាំនិងការប្តេជ្ញាចិត្តរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសទាំងបី ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូល CLV DTA លើកទី១១ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
ដោយឡែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មឯកឧត្តមរដ្ឋមន្ដ្រី បានជំរុញឱ្យភាគីទាំងពីរបន្តកិច្ចប្រជុំគណៈកម្មាធិការចម្រុះពាណិជ្ជកម្មកម្ពុជា-ឡាវ ឡើងវិញដើម្បីពង្រឹងពាណិជ្ជកម្មនិងវិនិយោគ។ បន្ថែមពីលើនេះ លោករដ្ឋមន្ដ្រី ក៏បានជំរុញឱ្យភាគីទាំងពីររៀបចំការផ្គូផ្គងអាជីវកម្មរវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមយន្តការប្រព័ន្ធវីដេអូ ឬរៀបចំបន្ទាប់ពីរោគរាតត្បាត Covid-19 បានបញ្ចប់។
ជាការឆ្លើយតប លោកអគ្គរដ្ឋទូត បានជម្រាបជូនថា ភាគីឡាវនឹងពាំនាំអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ដ្រីទៅជម្រាបជូនក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យនិងរៀបចំកិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌ CLV និងទ្វេភាគីដើម្បីរក្សានូវកិច្ចសហប្រតិបត្តិការដ៏ល្អ និងជំរុញឱ្យមានកំណើនពាណិជ្ជកម្មកាន់តែខ្លាំងឡើង។
ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តសហការនៅក្នុងក្របខណ្ឌអាស៊ានក៏ដូចជាទ្វេភាគីដើម្បីរួមគ្នាត្រួតពិនិត្យ និងទប់ស្កាត់ការចំលងការរីករាលដាលនៃជំងឺ Covid-19 តាមច្រកព្រំដែនរវាងប្រទេសទាំងពីរផងដែរ៕ រក្សាសិទ្ធិដោយ ៖ CEN