ភ្នំពេញ ៖ យោងតាមព័ត៌មានពីអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១នេះថា ដោយក្តីរន្ធត់សោកសៅ ប្រកបដោយមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅ កាលពីព្រឹកថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីពីអង្គភាពពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធនាគារ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈ ថ្នាក់ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ជូនសពលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុន សារ៉ាត ប្រធានមណ្ឌលអប់រំកែប្រែទី៤។
អគ្គនាយកដ្ឋានពន្ធនាគារបានលើកឡើងថា ជាកិច្ចតបស្នងចំពោះពលិកម្មដ៏ប្រពៃថ្លៃថ្លា និងភក្តីភាពដែលឥតងាករេ ជូនជាតិ មាតុភូមិ ក្នុងអាជីពជាមន្ត្រីពន្ធនាគារជាច្រើនទសវត្សរ៍របស់លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អ៊ុន សារ៉ាត ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក បានសន្យាជួយទំនុកបម្រុងកូន ចៅរបស់សព ឲ្យបានបន្តការសិក្សាចាប់យកជំនាញវិជ្ជាជីវៈ លើកកម្ពស់សមត្ថភាព ឲ្យក្លាយជាទំពាំងស្នងឬស្សី និងបានសន្យាគាំទ្រលើកទឹកចិត្តឲ្យកូន ចៅ ឲ្យបន្តវីរៈភាព របស់ឪពុក ជីតា របស់ខ្លួន បើសិនពួកគេសម្រេចចិត្តចាប់យកអាជីពជាមន្ត្រីពន្ធនាគារទៅថ្ងៃអនាគត។
នារសៀលថ្ងៃថ្ងៃទី២១ខែកុម្ភៈម្សិលមិញ ឯកឧត្តម សន្តិបណ្ឌិត ហេង ហាក់ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញផ្តល់កិត្តិយសជាអធិបតីក្នុងពិធីបូជាសពលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ អ៊ុន សារ៉ាត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ម៉ៅ ណំ អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក។
ស្ថិតក្នុងបរិយាកាសសោកសង្រែងប្រកបដោយក្តីនឹករលឹកអាលោះអាល័យគ្មានអ្វីផ្ទឹម ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ជាកល្យាណមិត្តរបស់សពលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ អ៊ុន សារ៉ាត សូមឧទ្ទិសបួងសួងគុណបុណ្យព្រះរតនៈត្រ័យ គុណកែវទាំងបី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយនាំដំណើរដួងវិញ្ញាណក្ខន្ធ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ អ៊ុន សារ៉ាត បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ទោះបីយ៉ាងណាអគ្គនាយកដ្ឋានពន្ធនាគារមិនបានបង្ហើបពីមូលហេតុនៃការទទួលមរណៈភាពនិងអាយុរបស់សពនៅឡើយទេ៕ រក្សាសិទ្ធិដោយ៖CEN