ភ្នំពេញ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះរំពឹងថា នឹងមានមនុស្សប្រមាណ៣លាននាក់ ចូលរួមសប្បាយរីករាយ ហើយបញ្ហាដែលប្រឈមខ្លាំងគឺបញ្ហាការចោលសម្រាមមិនមានសណ្តាប់ធ្នាប់ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំបោះសំរាមតាមដងផ្លូវ និងតាមលើសួនច្បារ ដោយក្រុមការងារសាលារាជធានីភ្នំពេញ បានរៀបចំកញ្ចេចំនួន១០០០ និងធុងសំរាមចំនួន១០០០ ដើម្បីឲ្យបងប្អូនបោះសំរាមចូលក្នុងធុងទាំងនេះ ។
នេះបើតាមការបញ្ជាក់អោយដឹងពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់ពិធីក្រុងពាលីបើកការដ្ឋានស្ថាបនាស្ពានចំនួនពីរឆ្លងទន្លេសាប កាលពីរសៀលថ្ងៃទី២២ ខែតុលាឆ្នាំ២០១៧ នៅចំណុចមុខឃ្លាំងសាំង ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យអុំទូកនេះ សាលារាជធានីភ្នំពេញ បានរៀបចំនិងត្រៀមលក្ខណៈរយៈមួយខែមកហើយ ដើម្បីរៀបចំការកែលម្អសួនច្បារ ការតុបតែងភ្លើង ការទុកដាក់បង្គន់អនាម័យ ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋពីបណ្តាខេត្តទាំង២៤ដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ។
លោកអភិបាលរាជធានី ក៏បានមានប្រសាសន៍រំលឹកវិញផងដែរថា បុណ្យរបស់ខ្មែរយើងមានច្រើន ឯមនុស្សចូលទីក្រុង គឺព្រះរាជពិធីបុណ្យអុំទូកនេះឯង ហើយពិធីបុណ្យធំៗផ្សេងទៀត មនុស្សបានចាកចេញពីទីក្រុង ទៅស្រុកកំណើត ទៅតាមបណ្តាខេត្ត ឬតាមរមណីយដ្ឋាននានា ។ លោកបានបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះរំពឹងថានឹងមានមនុស្សប្រមាណ៣លាននាក់ចូលរួមសប្បាយរីករាយក្នុងពិធីនេះ ។ រាជធានីភ្នំពេញ មិនព្រងើយកន្តើយ ជុំវិញបញ្ហានេះទេ គឺបានគិតគូរយ៉ាងដិតដល់ជាពិសេសតាមដងទន្លេ តិរវិថី មានការតុបតែងភ្លើងពណ៌ ក៏ប៉ុន្តែក៏មិនទាន់បានល្អជាស្ថាពរនៅឡើយ ប្រហែលជាប្រមាណជា៨០ភាគរយហើយ នៅតាមដងផ្លូវព្រះនរោត្តម ជាដើម។
លោកអភិបាលបានបញ្ជាក់ថា បញ្ហាសំខាន់បំផុតនោះគឺកិច្ចការការពារឲ្យមានសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្ត ទាំងផ្លូវងងឹត ជាដើម និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្រុមការងារបានរៀបចំរួចហើយ រួមទាំងអគ្គស្នងការនគរបាល និងថ្នាក់ជាតិ ហើយក្រុមការងារនឹងប្រជុំសម្រេចមួយដើម្បីដាក់ផែនការជាក់លាក់ នៅកៀកថ្ងៃនៃព្រះរាជពិធីនេះតែម្តង។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំបង្គន់អនាម័យ ចំនួន៤៦៦បង្គន់ សម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ពីព្រោះថាបងប្អូនមកលេងកម្សាន្ត និងពិសាអាហារ ដូច្នេះបងប្អូនពិតជាត្រូវការបង្គន់អនាម័យជាចាំបាច់ ហើយដើម្បីកុំឲ្យពួកគាត់បត់ជើងផ្តេសផ្តាស់ ទាល់តែយើងមានកន្លែងសម្រាប់ទទួលពួកគាត់។
លោកឃួង ស្រេង ក៏បានសម្តែងនូវការព្រួយបារម្ភផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋ មកពីបណ្តាខេត្តមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បញ្ហាប្រឈមគឺការចោលសំរាម លោកថាមនុស្សជាអ្នកបង្កើតសំរាម ដូច្នេះមនុស្សទាំងអស់គ្នាត្រូវជួយគ្នា សុំកុំបោះសំរាមតាមដងផ្លូវ និងតាមលើសួនច្បារ ដោយក្រុមការងារសាលារាជធានីភ្នំពេញ បានរៀបចំកញ្ចេចំនួន១០០០ និងធុងសំរាមចំនួន១០០០ ដើម្បីឲ្យបងប្អូនបោះសំរាមចូលក្នុងធុងនេះ ហើយមានកម្មករប្រមូលសំរាមចំនួន៦៧០នាក់ ដើម្បីរៀបចំប្រមូលសំរាមក្នុងពិធីបុណ្យចំភ្លាមៗជារៀងរាល់ថ្ងៃ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏យើងមិនសង្ឃឹមថាបានជោគជ័យ១០០ភាគរយដែរ នៅពេលដែលគ្មានការចូលរួមពីសំណាក់អ្នកមកចូលរួមក្នុងពិធីបុណ្យអុំទូកនេះ ។
ប្រសិនបើអ្នកមកចូលរួមពិធីបុណ្យទាំងអស់ បានចូលរួមទាំងអស់គ្នា យើងសង្ឃឹមថានឹងបានជោគជ័យនៅក្នុងការទុកដាក់សំរាម និងប្រមូលសំរាម ។ បានន័យថា ជោគជ័យរបស់រាជធានីភ្នំពេញ ទាល់តែបងប្អូនយើងទាំងអស់គ្នា ទាំងអ្នកមកពីបណ្តាខេត្ត រាជធានី ត្រូវរួមគ្នា ធ្វើយ៉ាងណាឲ្យទីក្រុងយើងស្អាត មានសុខុមាលភាពល្អប្រសើរ៕ ដោយ៖កូឡាប