មណ្ឌលគិរី ៖ ស្ត្រីមានវ័យ ៩០ឆ្នាំ ឈ្មោះលោកយាយ ម៉ៅ បច្ចុប្បន្នរស់នៅខេត្តមណ្ឌលគិរី បានដង្ហោយរកសប្បុរសជន ជួយផ្តល់ស្បៀង ឬចំណីអាហារ ចិញ្ចឹមជីវិត មុនពេលរូបគាត់ត្រូវឃ្លាតឆ្ងាយពីពិភពលោកនេះ។ អាជ្ញាធរមូលដ្ឋាន បានទទួលស្គាល់ថា លោកយាយវ័យចំណាស់ខាងលើ មិនមានកូនចៅនោះទេ គឺរស់នៅតែម្នាក់ឯងទេ។
អាជ្ញាធរឲ្យដឹងថា លោកយាយវ័យចំណាស់រូបនេះ គាត់រស់នៅម្នាក់ឯងជាច្រើនឆ្នាំមកហើយ គឺរស់នៅភូមិមានជ័យ ឃុំឆក់ដែក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ អាជ្ញាធរបន្តថា ខ្ទមឬផ្ទះ ដែលលោកយាយវ័យចំណាស់ ៩០ឆ្នាំ កំពុងស្នាក់នៅរាល់ថ្ងៃនេះ គឺបានមកពីក្រុមអ្នកសារព័ត៌មាន ខេត្តមណ្ឌលគិរី និងប្រជាពលរដ្ឋជិតខាង បានជួយសង់ជូនសម្រាប់ធ្វើជម្រកឲ្យគាត់ជ្រកបិតបាំងកំដៅថ្ងៃ និងភ្លៀតជាបណ្តោះអាសន្តតែប៉ុណ្ណោះ។
អាជ្ញាធរនិយាយថា កន្លងមក ស្ត្រីវ័យចំណាស់ខាងលើនេះ ត្រូវបានក្រុមអ្នកកាសែតនៅតាមអង្គភាពនានាប្រចាំការ ខេត្តមណ្ឌលគិរី បានរួមគ្នាផ្តល់ថវិកាបន្តិចបន្តួចជួយសង់ផ្ទះ និងទិញអង្ក ម្ហូបអាហារបន្តិចបន្តួច សម្រាប់ផ្តល់ជូនរូបគាត់ក្នុងប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែពេលនេះអ្នកកាសែតមួយក្រុមនោះ ក៏ខ្វះលទ្ធភាពដែរ។ ផ្តើមពីបញ្ហានេះ អាជ្ញាធរមូលដ្ឋានខេត្តមណ្ឌលគិរី បានសំណូមពរដល់សប្បុរសជនជិតឆ្ងាយ ឲ្យជួយសង្គ្រោះលោកយាយ ម៉ៅ មានអាយុ ៩០ឆ្នាំ ហើយដែលពេលនេះ គាត់មានរូបកាយកាន់តែទ្រុនទ្រោម ទៅហើយ។
ជាពិសេសរាល់ថ្ងៃនេះ គាត់ពុំមានអាហារទទួលទានឲ្យបានគ្រប់ពេលទេ។ ត្រង់ចំណុចនេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅជិតខាងលោកយាយវ័យចំណាស់ខាងលើ បានសំណូមពរដល់សប្បុរសជនទូទៅទាំងក្នុង និងក្រៅប្រទេស សូមជួយផ្តល់ស្បៀងអាហារទទួលទានប្រចាំថ្ងៃ ជូនស្ត្រីវ័យ ៩០ឆ្នាំ រស់នៅខេត្តមណ្ឌលគិរី ដែលគ្មានទីពឹងម្នាក់នេះ ដោយអនុគ្រោះផង ព្រោះរាល់ថ្ងៃនេះ មានជំងឺប្រចាំកាយ និងមិនមានចំណីអាហារទទួលទានឲ្យបានគ្រប់ពេលទេ៕ ដោយ៖ សមុទ្រឈើ