Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាក់ចំណូល​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ធ្លាក់ចុះ​ប្រមាណ​ជាង ៦ ភាគរយ នៅ​ដើមឆ្នាំ​២០២១​នេះ​

​ភ្នំពេញ ៖ កំពង់ផែ​ស្វយ័ត​ភ្នំពេញ ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ និង​បាន​ឡើង​ផ្សារ​ហ៊ុន​កម្ពុជា កាលពី​ចុងឆ្នាំ ២០១៥ ជាមួយ​ការលក់​ភាគហ៊ុន​ប្រមាណ​ជាង ៤​លាន​ហ៊ុន​។ តម្លៃ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ គិត​ត្រឹម​ម៉ោង ៥​ល្ងាច​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១​នេះ មានតម្លៃ ១​ម៉ឺន ២៤៦០​រៀល ក្នុង​មួយ​ភាគហ៊ុន​។​

​ជាមួយគ្នានេះ ក្នុង​រយៈពេល ២​ខែ ដើមឆ្នាំ ២០២១​នេះ ពោលគឺ​ខែមករា និង​ខែកុម្ភៈ ប្រាក់ចំណូល​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៦% ដោយ​ទទួលបាន​ប្រមាណ ៤,៩៧៧,៤៨១ ដុល្លារ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ ដែល​ទទួលបាន ៥,៣០៨,២៨៤​ដុល្លារ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ក្នុង​រយៈពេល​ពីរ​ខែ ឆ្នាំនេះ ដោយ សារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើ​ឲ្យ​មានការ​ធ្លាក់ចុះ​ប្រភព​ចំណូល​សំខាន់ៗ​នៃ​សហគ្រាស​រដ្ឋ​មួយ​នេះ​។

​ក្នុងនោះ​ប្រភព​ចំណូល​បាន​ពី​ការ​ប្រតិបត្តិការ​ផែ បាន​ធ្លាក់ចុះ​ចំនួន ១១​ភាគរយ នៅក្នុង​ខែមករា និង​បាន​កើន​ឡើងវិញ​ចំនួន ១៣​ភាគរយ នៅក្នុង​ខែកុម្ភៈ​។ ចំណែក​ចំណូល​ពី​អាជ្ញាធរ​ខែ បាន​ធ្លាក់ចុះ ៣៦​ភាគរយ នៅ​ខែមករា និង​ខែកុម្ភៈ បាន​ធ្លាក់ចុះ ២៣​ភាគរយ បើ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
​របាយការណ៍​ដដែល​នេះ បានបង្ហាញ​ទៀតថា ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ចន្លោះ​ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ ២០២១ មាន​ប្រមាណ​ជាង ៥​ម៉ឺន ២​ពាន់ ធី​អ៊ី​យូ ដោយបាន​កើនឡើង ៥,៦២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ប្រមាណ​ជាង ៤​ម៉ឺន ៩​ពាន់​ធី​អ៊ី​យូ​។​

​គួរ​បញ្ជាក់ថា ទំនិញ​ដឹក​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ភាគច្រើន ជា​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង កាបូប​សម្រាប់​ធ្វើដំណើរ គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម​ជាដើម​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×