Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ក្រេ​ឌី​ត ប្យូ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) ចូលរួម​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩

​ភ្នំពេញ ៖ ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១៖ ក្រុមហ៊ុន ក្រេ​ឌី​ត ប្យូ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) បាន​ចូលរួមចំណែក​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់​សាលា​រាជធានី​ភ្នំពេញ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩​។

​ក្រុមហ៊ុន ក្រេ​ឌី​ត ប្យូ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) បាន​ចូលរួម​បរិច្ចាក​ថវិកា​ចំនួន ៤០​លាន​រៀល ម៉ាស​ការពារ​ចំនួន ៥​ម៉ឺន​ម៉ាស ព្រមទាំង​ទឹក​សុទ្ធ​ចំនួន ១២.០០០​ដប ទៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតី​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។

​ស្របទៅនឹង​ការអនុវត្ត​នូវ​ទំនួល​ខុសត្រូវ​ក្នុងសង្គម​របស់​ក្រុមហ៊ុន​សាជីវកម្ម (CSR) ក្រុមហ៊ុន ក្រេ​ឌី​ត ប្យូ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) បាន​ចូលរួមចំណែក​គាំទ្រ​ដល់​រដ្ឋាភិបាល ដើម្បី​ពង្រីក​នូវ​ធនធាន​រប​ស់​ពួកគេ ដើម្បី​ឲ្យ​ការបម្រើ​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង ជាពិសេស​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅ​ផលប៉ះពាល់​នៃ​វីរុស​កូ​វីដ​-១៩ ដែល​ក្នុងពេល​ថ្មីៗ​នេះ វីរុស​នេះ​បាន​ឆ្លង​រាតត្បាត​នៅក្នុង​ទីក្រុង ក៏ដូចជា​បណ្តា​ខេត្ត​មួយចំនួន​។

អាជ្ញាធរ​សុខាភិបាល​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ចំនួន ៦១៦​ករណី​នៅក្នុង​ទីក្រុង​ភ្នំពេញ​ចាប់តាំងពី​ការផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មកម្ល៉េះ​។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា​៖«​ជាមួយនឹង​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ប្រជាជន​ប្រមាណ ១៩.៦០៨​នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​បានដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​»

​ឯកឧត្តម​បន្តថា​៖«​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី ក្រុមហ៊ុន ស៊ី​ប៊ី​ស៊ី នឹង​ជួយ​ដល់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់ជំនួយ​បន្ទាន់ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ ផ្តល់ជូន​អ្នក​ដែល​ខ្វះខាត​និង​ត្រូវការ​ជា​ចាំបាច់​និង​គ្រួសារ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ម៉ាស​និង អាល់កុល​លាងដៃ នឹង​ត្រូវបាន​ចែកជូន​ដល់​ប្រជាជន កងកម្លាំង​និង​អ្នកស្ម័គ្រចិត្ត ដែល​បានដាក់​ពង្រាយ​នៅ​ទូទាំង​រាជធានី​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​កូ​វីដ​-១៩​។​»

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រិ​ត្តិ​ប​ត្តិ ក្រុមហ៊ុន ស៊ី​ប៊ី​ស៊ី បាន​ឲ្យ​ដឹងថា ការផ្ទុះ​ឡើង​នៃ​កូ​វីដ​-១៩ បាន​ក្លាយជា​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​សម្រាប់​យើងទាំងអស់គ្នា​។ យើងទាំងអស់គ្នា​គួរតែ​រួមគ្នា​ហើយ​ប្រយុទ្ធ​ប្រឆាំងនឹង​ឧបសគ្គ​នេះ​។ យើង​ប្តេជ្ញា​គាំទ្រ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងពេល​វេលា​ដ៏​សំខាន់​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​។​

​លោក​សុធា​រ័ត្ន​បន្តថា​៖«​ថ្ងៃនេះ​ក៏​ជាការ​បញ្ចប់​ឆ្នាំ​ទី​៩ នៃ​ការបម្រើ​សេដ្ឋកិច្ចកម្ពុជា​សម្រាប់ ស៊ី​ប៊ី​ស៊ី តាមរយៈ​ការលើកកម្ពស់​តម្លាភាព​ព័ត៌មាន​ឥណទាន​ឆ្ពោះទៅរក​ប្រសិទ្ធភាព​ទីផ្សារ​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព ការគ្រប់គ្រង​ហានិភ័យ​ឥណទាន និង​ការលើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​!​។​

​លោក​បន្ថែមថា​៖«​ចាប់តាំងពី​ការចាប់ផ្តើម​ពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​កាលពី​ឆ្នាំមុន ស៊ី​ប៊ី​ស៊ី​បាននិងកំពុង​អនុវត្ត​វិធានការ​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​ការពារ​បុគ្គលិក​របស់​ខ្លួន​ឲ្យ​មាន​សុវត្ថិភាព​និង​ពង្រីក​បណ្តាញ​ឌីជីថល ដើម្បី​បម្រើ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​និង​អ្នក​ខ្ចីប្រាក់​នៅក្នុង​ប្រទេស​ដោយ​គ្មាន​ការរំខាន សម្រាប់​ការវាយតម្លៃ​ហានិភ័យ​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព​»​។​

ក្រុមហ៊ុន ក្រេ​ឌី​ត ប្យូ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​)

ចាប់តាំងពី​ឆ្នាំ ២០១២ ក្រុមហ៊ុន ក្រេ​ឌី​ត ប្យូ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុងការ​ផ្តល់នូវ​សេវា​ព័ត៌មាន​ហិរញ្ញវត្ថុ ឧបករណ៍​វិភាគ​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅដល់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ស៊ី​ប៊ី​ស៊ី ជួយ​ដល់​អតិថិជន និង សមាជិក​របស់ខ្លួន​ទាំងអស់ ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង ធ្វើការ​សម្រេច​ចិត្តបាន​ឆាប់រហ័ស​។ តាមរយៈ​ការប្រើប្រាស់​ផលិតផល ឧបករណ៍​របាយការណ៍​ឥណទាន យើង​ជម្រុញ​ការយល់ដឹង​អំពី​អតិថិជន​ទូទៅ ទីផ្សារ និង សេដ្ឋកិច្ច​។ យើង​ជួយ​ស្ថាប័ន​ជា​សមាជិក ក្នុងការ​ស្វែងយល់​ពី​អតិថិជន​របស់​ស្ថាប័ន​នោះ និង​កសាង​ទំនាក់ទំនង​កាន់តែ​ប្រសើរឡើង​ជាមួយ​អតិថិជន​៕
​រក្សា​សិទ្ធិ​ដោយ ៖ CEN

×