Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​កែប គ្រោង​សាងសង់​រូបសំណាក់​មច្ឆានុ​ព្វ​ផុស​ពី​ផ្ទៃសមុទ្រ​មួយទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​

​ខេត្ត​កែប ៖ រូបសំណាក់ មច្ឆានុ​ព្វ​ផុស​ពី​ផ្ទៃសមុទ្រ ដែលជា​គម្រោង​របស់រ​ដ្ឋ​បាល​ខេត្ត​កែប និង​លេចចេញ​ជា​រូបរាង នាពេលខាងមុខ​ឆាប់ៗ​នេះ ដើម្បី​រង់ចាំ​ទទួលភ្ញៀវ​ទេសចរ ក្រោយ​ជំងឺ​កូ​វីដ​១៩ បាន​ធូរស្បើយ​។​

​រូបសំណាក់​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែល​នឹង​ក្លាយទៅជា​ទីតាំង ចាប់​អារម្ភ​ណ៍ ពី​សំណាក់​ភ្ញៀវទេសចរ ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​នៅតាម​តំបន់​មាត់សមុទ្រ​។​

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានឱ្យដឹងថា គម្រោង​សាងសង់​រូបសំណាក់​នេះ ជា​គោលដៅ​ទេសចរណ៍​មួយ ក្រោយ​ចប់​ជំងឺ​កូ​វីដ​១៩ ហើយក៏​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ ដើម្បី​រុញ​គោលដៅ​ទេសចរណ៍​ឱ្យទៅដល់​ទីជនបទ តាម​តំបន់ឆ្នេរ​នៃ​ខេត្ត​កែប និង​ពង្រីក​សក្តានុពល​តំបន់ឆ្នេរ ប្រែ​ក្លាយទៅជា​ទីកន្លែង​សម្រាប់​លំហែកាយ​សាធារណៈ របស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​។​
​ឯកឧត្តម បាន​បញ្ជាក់ថា គម្រោង​រូបសំណាក់​មច្ឆានុ​ព្វ​នេះ ក៏​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​ផង និង​ជា​កេរ្តិ៍ដំណែល​ទុក​សម្រាប់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង និង​ស្គា​ល់ពី​ធនធាន​ជលផល ដែល​ខេត្ត​កែប​មាន​។​

​ខេត្ត​កែប​នេះ ក្រៅពី​រូបសំណាក់​មច្ឆានុ​ព្វ ដែល​កំពុង​សាងសង់ មាន​រូបសំណាក់​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត​ដែល​មហាជន​ទូទៅ បាន​ស្គាល់​រួចទៅហើយ ដូចជា រូបសំណាក់​សេះសរ រូបសំណាក់​ស្រី​ស រូបសំណាក់​ក្តាមសេះ ជាដើម ដែល​សុទ្ធ​តែមាន​អត្ថន័យ ទៅតាម​រូបសំណាក់​នីមួយៗ ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យឃើញ​ពី​សក្តានុពល​របស់​ខេត្ត​កែប​ទាំងមូល​។​

​គួរបញ្ជាក់​ផងដែរ​ថា បើតាម​ផែនការ ការសាងសង់​រូបសំណាក់​នាង​មច្ឆានុ​ព្វ​នេះ ធ្វើឡើង​ក្នុង​បី​ដំណាក់កាល នឹង​ប្រើ​រយៈពេល​៣​ឆ្នាំ ដោយពេល​នេះ កំពុង​សាងសង់​ផ្ទៃ​ខាងក្រោម​។ រូបសំណាក់​នេះ សាងសង់​ចូលក្នុង​ផ្ទៃសមុទ្រ​ប្រវែង ១៥០​ម៉ែត្រ ដោយ​គិត​ទាំង​ផ្លូវ​ចូល និង​ទីធ្លា​រូបសំណាក់​។ ដោយឡែក​សម្រាប់​រូបសំណាក់​វិញ​គឺ​សាងសង់​ក្នុង​កំពស់​រហូត​ជាង ៤​ម៉ែត្រ​ឯណោះ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×