ស្ទឹងត្រែង ៖ លោក អៀង គីមថុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង អមដោយលោកនៅ ចាន់ថន ជាក្រឡាបញ្ជី បានចេញដីកាបង្គាត់ឲ្យឃុំខ្លួនបណ្តោះអាសន្ន មេខ្លោងជនជាតិឡាវជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ក្រោយសមត្ថកិច្ច ចាប់ខ្លួនបានដោយរឹបអូសថ្នាំញៀនប្រមាណ៣០គីឡូក្រាមមនៅព្រំដែនកម្ពុជាឡាវនាខេត្តស្ទឹងត្រែង។
នៅក្នុងដីកាកាលពីថ្ងៃទី៤ខែមីនា សម្រេចឃុំខ្លួនមេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះអាំងណូយស័ក្ខ សីរីស័ក្ខ ហៅកុប ភេទប្រុស ពីបទជួញដូរខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវចូលវ៉ើនខាម ស្ថិតនៅភូមិខាមផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។ អំពើល្មើសនេះ មានចែង និងផ្ដន្ទាទោសតាមមាត្រា៤០ នៃច្បាប់ស្ដីពីគ្រឿងញៀន។ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ទៅពន្ធនាគារខេត្តស្ទឹងត្រែងដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ និងសហការអនុវត្តឲ្យបានល្អនៅក្នុងករណីចាំបាច់។ បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តស្ទឹងត្រែងទទួលជននេះ និងឃុំខ្លួនជននេះរហូតទាល់តែទទួលបានការឲ្យដំណឹងអំពីការដោះលែងឲ្យមានសេរីភាពវិញ។
សូមបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យ ក៥ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការឈានទៅដល់ការចាប់ខ្លួន មេខ្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ដែលជាជាតិឡាវ នៅខេត្តស្ទឹងត្រែង ដោយរឹបអូសថ្នាំញៀនប្រមាណ៣០គីឡូក្រាម នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ៕ ដោយ៖បញ្ញាស័ក្តិ