Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ គន់ គីម ៖ អតីតយុទ្ធជន ជា​បុគ្គល​មាន​គុណបំណាច់​លើ​ប្រទេសជាតិ

ខេត្ត​កំពង់ធំ​៖​នាយ​ឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់​ថា អតីតយុទ្ធជន​គឺជា​បុគ្គល​មាន​គុណបំណាច់​លើ​ប្រទេស​ជាតិ បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ការពារ​ជាតិ​មាតុភូមិ និង​នាំមក​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​សម្តេច​បាន​យកចិត្តទុកដាក់​បំផុត​លើ​គ្រួសារ​អតីតយុទ្ធជន​កម្ពុជា ដោយ​មិន​ទុក​ឲ្យ​គ្រួសារ​អតីត​យុទ្ធជន​ណា​រងទុក្ខវេទនា​និង​ជួប​ការលំបាក ដោយ​ពុំ​បាន​ដឹងលឺ​ពី​សំណាក់​អាជ្ញាធរ​នោះ​ឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​គ្រឿង​ឥស្សរិយ​ស ការពារជាតិ មាន​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ ដែល​ត្រូវបាន​បំពាក់​ជូន​ដោយ លោកនាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង នាយក​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ អគ្គលេខាធិការដ្ឋាន​ស​មាគ​ម​អតីយុទ្ធជន​កម្ពុជា ដោយ​មាន​ការចូលរួម​ជា​អធិបតីភាព លោក ជា តារា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​កំពង់ធំ ព្រមទាំង​លោក សុខ លូ អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៨​។​

​អតីតយុទ្ធជន​ដែលមាន​កិត្តិយស​ទទួល​នូវ​គ្រឿង​ឥស្សរិយ​ស​ការពារជាតិ ស្រុក​សន្ទុក​ចំនួន ៣៦១​នាក់ ស្រុក​បារាយណ៍ ៥២៦​នាក់ ស្រុក​ប្រាសាទ​បាល័​ង្គ និង​ក្រុង​ស្ទឹងសែន​១០០១​នាក់ សរុប​១៨៨៨​នាក់ ដែល ត្រូវបាន​ប្រារព្វ​ពី​ធី​ចំនួន​២​ទីតាំង​គឺ​នៅក្នុង​ស្រុក​បារាយណ៍ និង​ក្រុង​ស្ទឹងសែន ដោយ​មាន​មន្ត្រីរាជការ អ្នក​មុខ អ្នក​ការចូលរួម​យ៉ាង​អធឹក​អ​ធ័ម ។ លោក​ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​ប្រធាន​សមាគម អតីតយុទ្ធជន​កម្ពុជា បាន​បញ្ជាក់​ផង​ដែរ​ថា ការងារ​សមាគម​អតីតយុទ្ធជន​នៅក្នុង​ខេត្ត​កំពង់ធំ បើ​គ្មាន​ការ ណែនាំ​ចង្អុលបង្ហាញ​ដ៏​ជិតស្និទ្ធ​ពី​នាយ​ឧត្តមសេនីយ៍ គន់ គីម និង​ការដឹកនាំ​គាំទ្រ​ពី​សំណាក់ លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធានកិត្តិយស​ទេ គឺ​ពុំ​ទទួលបាន​ភាពជោគជ័យ​រហូត​ដល់​ថ្ងៃនេះ​ផងដែរ ជាក់ស្តែង​ការងារ​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន គិត​មកដល់ពេលនេះ​គឺ​៦១​មួយ​ខ្នង​ផ្ទះ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា មិនតែប៉ុណ្ណោះ​ដោយ​មាន​ការជួយឧបត្ថម្ភ​ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិកា​រង​សមាគម​អតីត យុទ្ធជន​កម្ពុជា រួម​ទាំង​សម្បុរ​ស​ជន ដែល​បាន​ជួយ​លើ​វិស័យ​មនុស្សធម៌​នេះ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​កំពង់ធំ បាន​មាន ប្រសាសន៍ថា បើ​គ្មាន​អតីតយុទ្ធជន គឺ​គ្មាន​ថ្ងៃនេះ យើង​មាន​ថ្ងៃនេះ​គឺ​ដោយសារ​មាន​អតីតយុទ្ធជន​កម្ពុជា ដូច្នេះ​អតីតយុទ្ធជន​ចាំបាច់​ត្រូវ​បាន មើលថែរ​ពិសេស​ជាង​ប្រជាពលរដ្ឋ ឯទៀត ជាក់ស្តែង​ផល​ពិបាក​របស់ អតីតយុទ្ធជន​កាលពីមុន ពេល​មាន​សមាជិក​ស្លាប់​ពិបាក​ក្នុង​ការដោះស្រាយ​ថវិការ​យកមក​ធ្វើ​បុណ្យ​សព្វ ជួនកាល​ទៅ​ខ្ចីបុល​គេ​រង​ការ​គំរាម​គំហែង​រឹបអូស​យក​ដីធ្លី តែ​ពេល​នេះ​សម្តេច​បាន​យកចិត្តទុកដាក់​ឲ្យ​ក្រសួង​ដោះស្រាយ​ថវិកា​បេឡា​មរណៈ​ភ្លាមៗ​បាន​ទាន់ពេលវេលា ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា រដ្ឋមន្ត្រី​ជប៉ុន​បាន​សន្យា​ជួយ​ឲ្យ​កម្ពុជា​មាន​សេដ្ឋកិច្ច​មធ្យម​កំរិត​ខ្ពស់ និង​ជួយ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​យ៉ាងតិច​១០​ឆ្នាំ​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​កម្ពុជា​រីកចំរើន​។​

​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធានកិត្តិយស​មាគ​ម​អតីតយុទ្ធជន​កម្ពុជា បាន​មានប្រសាសន៍ អបអរសាទរ ចំពោះ​អតីតយុទ្ធជន​កម្ពុជា​ក្នុង​ខេត្ត​កំពង់ធំ ដែល​បាន​ទទួល​នូវ​គ្រឿង​ឥស្សរិយ​ស​មេដាយ​ការពារជាតិ ដែល​សព្វ​ព្រះ​ហ​ឬ​ទ័យ​ព្រះមហាក្សត្រ​ប្រោស​ប្រទាន ដែល​មាន​ស្នាដៃ​ក្នុង​ការបំរើ​ជាតិ​មាតុភូមិ ក៏​ដូច​ជា​ការ​លើ​ទឹកចិត្ត ដោយសារ​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ លះបង់​កម្លាំងកាយ​ចិត្ត និង​ក្តី​សុខ​ផ្ទាល់ខ្លួន ដើម្បី​ការ​ជាតិ​មាតុភូមិ ក្នុង​សម័យ​សង្គ្រាម​ដណ្តើម​យក​សន្តិភាព​ជូន​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងមូល និង​បាន ផ្តាំផ្ញើរ​ឲ្យ​អាជ្ញា​គ្រប់លំដាប់ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ត្រូវ​ខិតខំ​បម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន​អតីតយុទ្ធជន ប្រជា​ពល​ដ្ឋ​ឲ្យ​ល្អ​ប្រសើរ ។​

​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​កោតសរសើរ និង វាយ​តំលៃ​ខ្ពស់​ចំពោះ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​លោក​ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កំពង់ធំ ដែល​បាន​ដឹកនាំ​សមាគម​អតីតយុទ្ធជន បានល្អ​ដាច់​គេ​នៅក្នុង​ប្រទេស គឺមាន​តែ​ខេត្ត​កំពង់ធំ​មួយ​ទេ ដែល​មាន​ស្នាដៃ​ល្អ​បំផុត ក្នុង​ការងារ​អតីតយុទ្ធជន ដោយសារតែ សកម្មភាព​មមាញឹក​ដូច​ភ្លៀងរលឹម ចុះសួរសុខទុក្ខ​អតីតយុទ្ធជន​ស្ទើរតែ​ជា​រាងរាល់ថ្ងៃ នាំ​យក​សម្ភារៈ ថវិការ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​អតីតយុទ្ធជន​តាម​មូលដ្ឋាន ដែល​ការងារ​នេះ​មិន​សរសើរ​មិនបាន មិនតែប៉ុណ្ណោះ​បាន​លះបង់​ថវិការ​ផ្ទាល់​ខ្លួន​ទៅ​ជួយ​ដល់​អតីតយុទ្ធជន​ទៀតផង រួម​ទាំង​ការដោះស្រាយ​ភ្លាមៗ និង​ការសាងសង់​ផ្ទះ​បាន​ចំនួន ៦១​ខ្នង​ផ្ទះ​បាន​ប្រគល់ជូន​អតីតយុទ្ធជន​រួចរាល់​ហើយ​ដែរ ក្នុង​ឳ​កាស​នោះ នាយ​ឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់​ថា ចំពោះ​គ្រួសារ​អតីត​យុ​ទ្ធជន ​ដែល​មាន​ដី​អត់​ផ្ទះ​នៅ​ស្រុក​បារាយណ៍ ចំនួន​២​គ្រួសារ និង​ត្រូវបាន​ទទួល​ផ្ទះ​ថ្មី​ក្នុង​ពេល​នេះ ចំណែក​អតីត​យុទ្ធជន​ដែល​គ្មាន​ផ្ទះ អត់​ដី នឹង​ត្រូវ​បាន​ទទួល​ដី​សម្រាប់​សាងសង់​លំនៅដ្ឋាន ដោយ​គិត​ចាប់ពី​ថ្ងៃនេះ​ទៅ​ខែ​មិថុនា​ខាង​មុខ​នេះ ដោយ​រងចាំ ឲ្យ​អាជ្ញាធរ​ខេត្ត និង​សូរិយោដី​រៀបចំ​ដី​នៅ​ភូមិ​ថ្មី ដែល​ជា​ដី​សម្រាប់​អតីតយុទ្ធជន​ស្ថិតក្នុង​ឃុំ​ក្រយា ខេត្ត​កំពង់ធំ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×