Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងរយៈពេល៣ខែ ឆ្នាំ២០២១នេះ កម្ពុជា បានអនុម័តលើគម្រោងវិនិយោគតម្លៃជាង២ពាន់លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគ ដែលមានតម្លៃទឹកប្រាក់សរុបប្រមាណ ២.១១០លានដុល្លារអាមេរិក ទៅលើគម្រោងចំនួន ៣៩គម្រោង នៅទូទាំងប្រទេស នៅក្នុងរយៈពេល ៣ខែដំបូង ឆ្នាំនេះ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា តម្លៃទុននៃគម្រោងវិនិយោគនៅក្នុងរយៈក្នុងត្រីមាសទី ១ឆ្នាំ ២០២១នេះ ត្រូវបានរុញច្រានដោយគម្រោងវិនិយោគធំៗចំនួនពីរ គឺទីមួយ រោងចក្រថាមពលអគ្គិសនីប្រើដោយធ្យូងថ្មី ដែលមានអានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ ក្នុងតម្លៃទុនសរុប ១.២៨៣លានដុល្លារ និងទីពីរ គម្រោងបង្កើតរោងចក្រផលិតក្រដាសតម្លៃ ៥០៤ លានដុល្លារនៅខេត្តកំពត ដែលគម្រោងទាំងពីនេះ នឹងអាចបង្កើតការងារសរុបប្រមាណ ២៤.៨៥៣កន្លែង នាពេលខាងមុខ ក្នុងពេលដែលក្រុមហ៊ុនទាំងអស់នេះចាប់ផ្តើមដំណើរការ។

ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ៣៩គ្រោង ដែលអនុម័តដោយ CDC ក្នុងនោះ មានជិតពាក់កណ្តាល ជាប្រភេទក្រុមហ៊ុនវិនិយោគទៅលើវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ។
បន្ទាប់មកទៀត គឺមានគម្រោងវិនិយោគផលិតថាមពលអគ្គិសនី, គម្រោងវិនិយោគបង្កើតរោងចក្រគ្រឿងបង្គុំអេឡិចត្រូវនិក សម្ភារអគ្គិសនី, សម្ភារប្រើប្រាស់, គ្រឿងផ្គុំទោចក្រក្រយានយន្ត, គ្រឿងសង្ហារឹម, រោចក្រកែច្នៃផលិតផលកសិកម្ម និងមន្ទីរពេទ្យ ជាដើម។
ឯកឧត្តម សុខ ចិន្តាសោភា អគ្គនាយកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ បាន និងកំពុងបង្កការរាំងស្ទះដល់អ្នកវិនិយោគដែលមានបំណងមកសិក្សាអំពីសក្តានុពលវិនិយោគនៅកម្ពុជា។ ឯកឧត្តម បន្តថា គម្រោងវិនិយោគថ្មីៗ ដែលទទួលបាននៅឆ្នាំ ២០២០ និងដើមឆ្នាំ ២០២១នេះ គឺជាលទ្ធផល ដែលអ្នកវិនិយោគ បានមកសិក្សា កាលពីអំឡុងពេល មុនការផ្ទុះជំងឺកូវីដ១៩។

ប៉ុន្តែទោះបីយ៉ាងណា ឯកឧត្តម បានអះអាងថា លោកនឹងបង្កើនការខិតខំថែមទៀត តាមរយៈការជួបពិភ្សាជាមួយបណ្តាអគ្គរដ្ឋទូតមួយចំនួននៅកម្ពុជា ពិសេសប្រទេសចិន ជប៉ុន កូរ៉េ សិង្ហបុរី និងអង្គទូតផ្សេងៗទៀត ដើម្បីរកមធ្យោបាយទាក់ទាញវិនិយោគិនពីប្រទេសទាំងនោះ។

បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅឆ្នាំកន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ២៣៨គ្រោង ដែលមានទុនវិនិយោគសរុបចំនួន ៨.២៥០លានដុល្លារ ធ្លាក់ចុះ ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលមាន ៣១៥គម្រោង ក្នុងទុនវិនិយោគចំនួន ៩.៣៩៧ លានដុល្លារ៕
រក្សាសិទ្ធិដោយ៖CEN

×