Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា អនុម័តលើផែនទីចង្អុលផ្លូវ Roadmap ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ ៖ វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុន្តែវិស័យនេះ ក៏ដូចជាវិស័យផ្សេងៗទៀត បាននឹងកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីវិបត្តិជំងឺកូវីដ-១៩។ សម្រាប់ប្រទេសកម្ពុជា ដើម្បីស្តារឡើងវិញនៃវិស័យនេះ គឺទាមទារឱ្យមានការយកចិត្តទុកដាក់គិតគូរ និងតម្រង់ទិសច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ដើម្បីស្តាវិស័យនេះ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣០ខែមីនា ឆ្នាំ ២០២១កន្លងទៅថ្មីៗនេះ បានសម្រេចអនុម័តលើផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១នេះ បានឱ្យដឹង ថា «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» នឹងក្លាយជាត្រីវិស័យ និងជាផែនការយុទ្ធសាស្ត្រមួយដ៏សំខាន់ ដើម្បីធានាដាក់ចេញវិធានការអន្តរាគមន៍ទាន់ពេលវេលា។

ផែនទីចង្អុលផ្លូវនឹងកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាពសម្រាប់ការកែទម្រង់ក្នុងវិស័យទេសចរណ៍កម្ពុជា ឱ្យទៅជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងនិរន្តរភាព ដោយទាញយកមកវិញនូវចំនួនភ្ញៀវទេសចរអន្តរជាតិ និងជំរុញសកម្មភាពទេស ចរណ៍ក្នុងស្រុក។

ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ និងបានទទួលការឯកភាពគាំទ្រពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផងដែរ។
សេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ ក៏បានបង្ហាញពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នេះ នឹងត្រូវអនុវត្តជា ៣ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ (Resilience & Restart)៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្ដារឡើងវិញ (២០២១),ដំណាក់កាលទី២ (Recovery)៖ ការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ (២០២២-២០២៣) និងដំណាក់កាលទី៣ (Relaunch)៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។

ជាមួយគ្នានេះសេចក្តីប្រកាសខាងលើដដែលនេះលើកឡើងថា ផែនទីចង្អុលផ្លូវនេះមានយុទ្ធសាស្រ្ដសរុបចំនួន ៩ សកម្មភាពយុទ្ធសាស្រ្ដចំនួន ៤៩ និងសកម្មភាពយុទ្ធសាស្រ្ដលម្អិតចំនួន ១៨០ រួមជាមួយគម្រោងកម្មវិធីអាទិភាពចំនួន ១៧។ បន្ថែមលើនេះ ដើម្បីដឹកនាំ និងតាមដានការអនុវត្តផែនការសកម្មភាពក្នុងដំណាក់កាលនីមួយៗនៃផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលនឹងរៀបចំយន្តការអន្តរស្ថាប័នមួយ។
ការអនុម័តផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបានកំពុងប្រកាសជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងពង្រឹងយន្តការគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-១៩ ក្នុងសហគមន៍ផងដែរ។
ចំណែកផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ត្រូវបានរៀបចំដោយ «គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប» ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងបានទទួលការឯកភាព និងគាំទ្រពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ដែលមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប មានគោលដៅធ្វើឱ្យខេត្តសៀមរាបអាចក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមធ្យម និងវែងខាងមុខ។

បន្ថែមពីលើនេះ ផែនការមេនេះ កំណត់ចក្ខុវិស័យឱ្យខេត្តសៀមរាបទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ ១៨,៤លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួនប្រមាណ ១០,៩ លាននាក់ និងទេសចរអន្តរជាតិចំនួនប្រមាណ ៧,៥ លាននាក់ បង្កើតការងារប្រមាណ ៩៤ម៉ឺននាក់ នាំចំណូលហូរចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ ៦ពាន់លានដុល្លារអាមេរិក និងធ្វើឱ្យខេត្តនេះ និងតំបន់ជុំវិញក្លាយជា «គោលដៅទេសចរណ៍ប្រកបដោយគុណភាព» ឆ្ពោះទៅឆ្នាំ២០៣៥ តាមរយៈការដាក់ចេញ និងអនុវត្តនូវគោលដៅយុទ្ធសាស្ត្រចំនួន ៧ រួមមាន៖
១៖ ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប
២៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ
៣៖ ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប
៤៖ ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប
៥៖ ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប
៦៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប
៧៖ ការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។

ផែនការមេនេះ ដាក់ចេញនូវយុទ្ធសាស្រ្តសរុបចំនួន ៤៤ សកម្មភាពអនុវត្តសរុបចំនួន ១៣៦ សម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង អមជាមួយគម្រោងសកម្មភាពអាទិភាពចំនួន ២០៕រក្សាសិទ្ធិដោយ៖CEN

×