ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំនិងធ្វើការជំរុញដល់ប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) ឲ្យដាក់សម្ពាធដល់ប្រទេសកូរ៉េខាងជើង នៅពេលគាត់ធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសចិនខែក្រោយ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់សេតវិមាន។នេះគឺជាយុទ្ធសាស្ត្រដើម្បីសម្រេចការប្តេជ្ញាចិត្តរបស់ ត្រាំ ក្នុងការប្រើប្រាស់ទីក្រុងប៉េងកាំង ដើម្បីទប់ទល់នឹងកូរ៉េខាងជើង។
លោក ត្រាំ នឹងធ្វើការស្នើដល់ប្រធានាធិបតីចិន ឲ្យអនុវត្តឲ្យបានពេញលេញនូវសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ព្រមទាំងចាត់វិធានការផ្សេងទៀតដើម្បីដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង។
ចិនគឺជាដៃគូជំនួញស្នូល និងសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងតែមួយគត់ ដែលតម្លៃពាណិជ្ជកម្មរបស់កូរ៉េខាងជើងស្មើប្រមាន ៩០ភាគរយ។
ចិនបាននិយាយថា ខ្លួននឹងអនុវត្តឲ្យបានតឹងរឹងនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដោយហាមឃាត់ការនាំចូលធ្យូងថ្ម ផលិតផលវាយនភណ្ឌ និងគ្រឿងសមុទ្រពីកូរ៉េខាងជើង ព្រមទាំងកាត់ផ្តាច់ការដឹកប្រេងទៅប្រទេសនេះ។
ប៉ុន្តែមន្ត្រីសេតវិមានអាមេរិច បានថ្លែងប្រាប់អ្នកសារព៌តមានមុនពេលដំណើរទស្សនៈកិច្ចរបស់ត្រាំ ទៅកាន់ប្រទេសចិនថា ប្រទេសចិនគួរត្រូវធ្វើឲ្យបានច្រើនទៀតដើម្បីអនុវត្តតាមសេចក្តីសម្រេចចំនួន ២របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តជាឯកច្ឆ័ន រួមទាំងចិនផង។
រដ្ឋកុម្មុនិស្តដ៍ឯកោរ កំពុងតែអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនឥតឈប់ឈរ ដោយសារតែចង់សម្រេចបានមហិច្ឆតានុយក្លេងអ៊ែរ ដើម្បីធ្វើឲ្យមានតុល្យភាពអំណាច ជាមួយនឹងអាមេរិច ដែលខ្លួនជឿជាក់ថា អាមេរិចលែងហ៊ានគំរាមប្រទេសខ្លួនទៀត នៅមាននុយក្លេអ៊ែរ។ នៅពេលជាមួយគ្នានេះផងដែរ របបផ្តាច់ការនេះ កំពុងរស់យ៉ាងត្រដរ ដោយសារតែការហ៊ុំព័ទ្ធទៅដោយទណ្ឌកម្មអង្គការសហប្រជាជាតិ៕ សុភ័ក្ត្រ