ខេត្តស្វាយរៀង៖ លោកផឹង និលប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០១៨នេះបានសហការជាមួយទាហានព្រំដែនវរ: ២០១ ឈរជើងនៅច្រករបៀងតាណេងស្ថិតក្នុងភូមិ តាបិប សង្កាត់បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀងដើម្បីចុះត្រួតពិនិត្យបន្លែផ្លែឈើគ្រប់មុខដែលនាំចូលមកពីប្រទេសវៀតណាម ដើម្បីស្វែងរកនូវសាធាតុគីមី ដែលច្បាប់បានហាមឃាត់ ហើយសង្ស័យថា អាចនឹងមានដាក់នៅលើបន្លែ ផ្លែឈើ និងម្ហូបអាហាដែលត្រូវបានក្រុមអាជីករដឹកយកមកធ្វើការចែកចាយនៅតាមទីផ្សារនានា ក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀង។
បើតាមប្រសាសន៍របស់លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា៖ការចុះត្រួតពិនិត្យនាពេលនេះគឺមានគោលបំណងដើម្បីស្វែងរកនូវសាធាតុគីមីដែលអាចមានដាក់លើបន្លែផ្លែឈើម្ហូបអាហាអស់ទាំងនោះដែលច្បាប់បានហាមឃាត់ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ។
លោកបានបន្តទៀតថា ៖ បន្លែផ្លែឈើនិងម្ហូបអាហាជាច្រើនមុខដែលនាំចូលមកពីប្រទេសជិតខាងយើងដែលត្រូវបានឈ្មួញនាំចូលតាមច្រករបៀងតាណេងដែលមន្ត្រីកាំកុងត្រូលយើងបានធ្វើការត្រួតពិនិត្យស្វែងរកនៅថ្ងៃនេះទាំងអស់មានចំនួន៤១មុខហើយក្រោយពីការពិនិត្យរួចរាល់នោះគឺ រកមិនឃើញការដាក់នូវសាធាតុគីមីអ្វីដែលច្បាប់បានធ្វើការហាមឃាត់នោះទេ។
លោកបានបន្ថែមទៀតថា ៖ លោកព្រមទាំងមន្ត្រីជំនាញនឹងបន្តចុះធ្វើកាតត្រួតពិនិត្យម្ហូបអាហារ បន្លែ ផ្លែឈើនិងគ្រឿងឧបភោគ បរិភោគ គ្រឿងកំប៉ុងត្រី សាច់ ងៀត ប្រហិត សរសៃគុយទាវ នៅតាមទីផ្សារនានា ដើម្បីធានាចំពោះសុវត្ថិភាពសុខភាពដល់អ្នកបរិភោគទាំងអស់គ្នាកុំឱ្យរងនូវផលប៉ៈពាល់ដោយសារការបរិភោគនូវអាហារគ្រប់ ប្រភេទទាំងអស់នោះ៕ វ៉ៃកូ