ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលមិនត្រូវបានកំណត់ឱ្យបិទសកម្មភាពអាជីវកម្ម, កម្មករ-និយោជិត និងបុគ្គលិក, និងអ្នកបើកបរ ឬម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត និងបុគ្គលិក ត្រូវយកតាមខ្លួននូវអត្តសញ្ញាណបណ្ណ , បណ្ណសម្គាល់ខ្លួន លិខិតបញ្ជាក់អនុញ្ញាតក្នុងការធ្វើដំណើរទាំងបុគ្គល និងមធ្យោបាយយានយន្ត។
- ចំពោះកម្មករ-និយោជិត ត្រូវមាន ÷
- អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន និងធ្វើដំណើរតែម្នាក់ឯង ត្រូវយកតាមខ្លួននូវ កាតសម្គាល់កម្មករនិយោជិត ឬបុគ្គលិក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលអាចបញ្ជាក់ពីទីលំនៅបច្ចុប្បន្នរបស់ខ្លួន នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច។
- អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើររួមត្រូវ ជិះមធ្យោបាយដែលមាន «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត» ចេញដោយក្រសួង ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយកតាមខ្លួននូវកាតសម្គាល់កម្មករនិយោជិត និងបុគ្គលិក នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច។
- ចំពោះម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្ត ÷
- ត្រូវផ្ដល់បញ្ជីស្លាកលេខរថយន្ដ ឬមធ្យោបាយដឹកជញ្ជូនដល់អធិការការងារ។
- ត្រូវសហការជាមួយអធិការការងារ ដើម្បីផ្ដល់ «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករ-និយោជិត» ដល់អ្នកបើកបរ (ដូចមានគំរូជូនភ្ជាប់ជាមួយ) សម្រាប់បង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅពេលដឹកជញ្ជូនកម្មករ-និយោជិត និងបុគ្គលិកទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះវិញ៕ រក្សាសិទ្ធិ : ពិសិដ្ឋ CEN