ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញ ត្រូវបានសិក្សាចប់សព្វគ្រប់ ហើយការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី ក៏គ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះដែរ។
គួរកត់សម្គាល់ថា៖ ប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដ មែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ក្នុងជំនួបជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានលោក Alexander D. Nash អ្នកឯកទេស អភិ វឌ្ឍន៍ទីក្រុង Urban Development Specialist តាមប្រព័ន្ធវីដេអូ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបានស្នើធនាគារអភិវឌ្ឍន៍អាស៊ី តម្រង់ទិសនៃការអភិវឌ្ឍ របស់ខ្លួនទៅលើ តំបន់ឆ្លងកាត់ព្រំដែននានា របស់កម្ពុជា (Cross Border Facilities) ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្ម និងការដឹកជញ្ជូននៅកម្ពុជា ពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេស ទីផ្សារមហាអនុតំបន់ទន្លេមេគង្គ (GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែន ដោយផ្ទាល់ និងការ ឆ្លងកាត់ក្នុងតំបន់ ដែលជាការធ្វើឲ្យប្រសើរឡើង ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជា តាមរយៈកំណើនសេដ្ឋកិច្ច។
ឯកឧត្តមស៊ុន ចាន់ថុល បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជា។ ដោយបានស្នើឱ្យ ADB ជួយពិនិត្យឡើងវិញលើលទ្ធផលនៃ គម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គំរោងនេះ។
ជាការឆ្លើយតប លោក Alexander D. Nash បានធ្វើការកត់សម្គាល់ និងបានសម្តែងចំណាប់អារម្មណ៍ចំពោះសំណើនានា ដោយបានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ