កណ្ដាល ៖ ជនសង្ស័យជាតៃកុងឡានហ៊ីយិនដាយពណ៌សជាប្រភេទឡានធុនធំដឹកថ្ម ដែលបានបើកបរបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅបុករះម៉ូតូគ្រប់ធុននិងបណ្ដាលអោយមនុស្សប្រុស ស្រី ក្មេង ចាស់ រងរបួសយ៉ាងដំណំដេករដូករណែលពេញផ្លូវជាតិ៦អា នៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីម៉ោងជិត១១ថ្ងៃត្រង់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកមុខកំពូលក្របួចបានហើយ។នេះបើយោងតាមការបញ្ជាក់ពីលោកព្រុំ សំណាងអធិការស្រុកមុខកំពូលខេត្តកណ្ដាលរាយការណ៍ប្រាប់នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ។ លោកអធិការស្រុកមុខកំពូល ព្រុំ សំណាង បានអោយដឹងថា ៖ ជនសង្ស័យជាតៃកុងឡានឈ្មោះឡេង ម៉ាប់ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប៉ុន្តែឡេង ម៉ាប់ បានឆ្លើយដោះសារថា ឈ្មោះឡេង ជ្រូក(ដេត) ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសង្កាត់ ជាមួយគ្នាជាអ្នកបើកឡានបង្កទៅវិញ។ ទោះបីឡេងម៉ាប់ឆ្លើយដោះសារយ៉ាងណាក្ដីក៏សមត្ថកិច្ចបានចាត់ការជនសង្ស័យជាតៃកុងឡាននេះតាមច្បាប់ផងដែរ។ ចំពោះមុខនេះសមត្ថកិច្ចប៉ូលិសស្រុកមុខកំពូលបន្តចុះស្រាវជ្រាវរកឈ្មោះ ឡេង ជ្រូក(ដេត) ផ្អែកតាមចម្លើយឡេងម៉ាប់។ នេះបើតាមការបញ្ជាក់ពីលោកអធិការស្រុកមុខកំពូលផងដែរ។
គួររំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងឡានដឹកថ្មនិងម៉ូតូ៥គ្រឿង បណ្ដាលអោយមនុស្សរបួសធ្ងន់ស្រាលប្រមាណ១៤នាក់ នៅលើកំណាត់ផ្លូវជាតិ៦អា កាលពីម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ នៅឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល ដោយឡានបង្កបើកបរទិសដៅពីជើងទៅត្បូងរួចជ្រុលចង្កូតបុករះចំម៉ូតូ៥គ្រឿង ទាំងកម្រោលបណ្ដាលអោយមនុស្សប្រុស ស្រី ក្មេងចាស់របួស១៤នាក់ ខ្ទាតរដូករណែលពេញលើផ្លូវមើលទៅមានការរន្ធត់ចិត្តបំផុត៕ ដោយ៖បញ្ញាស័ក្តិ