ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារ JICAប្រចាំកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាស្តីពី កិច្ចដំណើរការ នៃការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្ម នៃកម្ពុជា(ជំហានទី២) តាមរយៈប្រព័ន្ធ វីដេអូ ពីចម្ងាយក្រោមវត្តមានពីលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ និងលោកស្រី KAMEI Haruko តំណាង ទីភ្នាក់ងារ JICAប្រចាំកម្ពុជា កាលពីម្សិលមិញ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូល មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជា សមាជិក នៃគណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) សម្រាប់គម្រោងធ្វើឱ្យ ប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្ម នៅកម្ពុជា ដើម្បី បង្កើតជាមូលដ្ឋានទិន្នន័យ និងព័ត៌មាន ក្នុងការអនុវត្តគម្រោង នេះ ឱ្យមាន ភាពរលូន និងប្រសិទ្ធភាពខ្ពស់។
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានលើកឡើងថា កម្ពុជាត្រូវសិក្សា ផែនការមេ ថ្នាក់ជាតិ ភស្តុភារកម្ម ឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រព័ន្ធភស្តុភារកម្មកម្ពុជាកាន់តែមានការរីកចម្រើន។
លោកជំទាវបន្ថែមថា ការបង្កើតផែនការមេថ្នាក់ជាតិភស្តុភារកម្មមានសារសំខាន់ណាស់យោងតាមតម្រូវការ ចាំបាច់ នៃ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ និងគោលនយោបាយអភិវឌ្ឍន៍ ដើម្បីបញ្ចុះតម្លៃដឹកជញ្ជូន និងភស្តុភារកម្ម ប្រកបដោយភាព ប្រកួតប្រជែងដែលអាចឱ្យកម្ពុជាមានឱកាសទាក់ទាញ វិនិយោគិនបង្កើតការងារធ្វើជូន ប្រជាពលរដ្ឋ។
បើតាមលោកជំទាវ ដើម្បីឱ្យប្រព័ន្ធភស្តុភារកម្មកម្ពុជា កាន់តែមានការរីកចម្រើនកម្ពុជា ត្រូវសិក្សាផែនការមេថ្នាក់ជាតិ ភស្តុភារកម្ម ឱ្យបានច្បាស់លាស់ ដោយឈរលើស្មារតីសាមគ្គីភាពរួមគ្នាក្នុងការធ្វើឱ្យប្រសើរ ឡើងដល់ ប្រព័ន្ធដឹកជញ្ចូ នប្រកបដោយ ប្រសិទ្ធភាពគួរជាទីទុកចិត្ត និង ស្របតាម ការផ្លាស់ប្តូរ និងទំនើបកម្ម របស់ពិភពលោក។
គួរបញ្ជាក់ថា ដើម្បីឱ្យប្រព័ន្ធភស្តុភារកម្មកម្ពុជា មានការរីកចម្រើន បានរាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមប្រឹក្សា ជាតិភស្តុភារកម្ម (ឡូជីស្ទីក) ដែលមាន ភារកិច្ច តាក់តែង គោលនយោបាយនិង ស្វែងរកដំណោះស្រាយបញ្ហាក្នុង ប្រព័ន្ធ ឡូជីស្ទីកនៅកម្ពុជា ដើម្បីអាចនឹងជួយពង្រឹងប្រសិទ្ធភាព ចរាចរណ៍ទំនិញនិង ភាពប្រកួតប្រជែងជាមួយអន្តរជាតិ៕រក្សាសិទ្ធិដោយ៖CEN
![](https://cen-news.com/wp-content/uploads/2021/04/photo_2021-04-14_08-37-30-1024x683.jpg)
![](https://cen-news.com/wp-content/uploads/2021/04/photo_2021-04-14_08-37-32-2-1024x682.jpg)
![](https://cen-news.com/wp-content/uploads/2021/04/photo_2021-04-14_08-37-32-1024x682.jpg)
![](https://cen-news.com/wp-content/uploads/2021/04/photo_2021-04-14_08-37-33-1024x682.jpg)
![](https://cen-news.com/wp-content/uploads/2021/04/photo_2021-04-14_08-37-34-1024x682.jpg)