ភ្នំពេញ ៖ ជនប្រដាប់អាវុធជាមន្ត្រីយោធា ដែលបាញ់មនុស្ស២នាក់ឲ្យរងរបួសជាទម្ងន់នោះ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ ត្រូវលោក លី សុខឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រចចេញដីកាបង្គាប់ឲ្យឃុំខ្លូនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
ជនជាប់ចោទឈ្មោះ ប៊ុន តេង កើតឆ្នាំ១៩៨៦ មានមុខរបរជាយោធា ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ T53A ផ្លូវW23C7 សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជនជាប់ចោទ បានសារភាពថាពិតជាបានបាញ់ប្រហារ លើប្រុសស្រីទាំង២នាក់នោះពិតប្រាកដមែន ដោយប្រើប្រាស់អាវុធខ្លី១ដើម ម៉ាក BERATA នាពាក់កណ្តាលអធ្រាត្រ យប់ម៉ោង១២៖៣០នាទីឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួលនៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះទី១៖ ឈ្មោះ សិង វិន ភេទស្រី អាយុ២៥ឆ្នាំ បានរងរបួសចំនួន០៣គ្រាប់ (ចំស្មាខាងស្តាំចំនួន២គ្រាប់ និង កំភួនដៃខាងឆ្វេង ១គ្រាប់) និងជនរងគ្រោះទី២៖ ឈ្មោះ គង់ វិន ភេទប្រុស អាយុ៣០ឆ្នាំ បានរងរបួសចំនួន១គ្រាប់ (ចំស្មាខាងស្តាំ)។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យដែលជាខ្មាន់កាំភ្លើង បានចូលមកសារភាពកំហុសខ្លួន ដើម្បីទទួលទោសតាមច្បាប់ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីបានរត់គេចខ្លួនអស់រយៈពេល៥ថ្ងៃ។
ជនដៃដល់ឆ្លើយសារភាព ប្រាប់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញថា រូបគេជាមួយជនរងគ្រោះទាំង២ គឺជាមនុស្សស្គាល់គ្នាប្រហែលកន្លះឆ្នាំមកហើយ តាមរយៈការផឹកស៊ីជាមួយមិត្តភក្តិតៗគ្នា។ នៅមុនថ្ងៃកើតហេតុគឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ រូបគេរួមជាមួយមិត្តភក្តិ សរុបមានគ្នា៨នាក់ បាននាំគ្នាចូលរួមផឹកស៊ីក្នុងខារ៉ាអូខេ រីវើឡែស ព្រែកលៀប ក្នុងអំឡុងពេលផឹកស៊ី រូបខ្លួន(ជនដៃដល់) និងមិត្តភក្តិ ឈ្មោះ ប៊ី បានទាស់សម្តីគ្នា រហូតដល់រូបខ្លួន (ជនដៃដល់) បានវាយឈ្មោះ ប៊ី មួយដៃបណ្តាលឲ្យជ្រុះអាវុធខ្លីរបស់ខ្លួន ហើយក៏ត្រូវបានមិត្តភក្តិផ្សេងទៀតជួយឃាត់។ ភ្លាមនោះឈ្មោះ ពេជ្រ សាឡន បានរើសយកអាវុធខ្លីហុចមកឲ្យខ្លួនវិញ ហើយក្រោយមកកម្មវិធីត្រូវបានបញ្ចប់ រូបខ្លួនក៏បានបើករថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2R-6967 ជូនឈ្មោះសម្បត្តិ និងឈ្មោះ ប៊ី ទៅផ្ទះរៀងៗខ្លួន។
លុះស្អែកឡើងថ្ងៃទី២៥ រូបខ្លួនបានបាត់បង់កាំភ្លើងអស់១ ក៏បើករថយន្តទៅផ្ទះឈ្មោះ ពេជ្រ សាឡន ដើម្បីសួររកបង់កាំភ្លើងតែ ឈ្មោះ ពេជ្រ សាឡន បានប្រាប់ថា មិនឃើញ ទើបខ្លួនគិតថា ប្រហែលជាធ្លាក់នៅក្នុងបន្ទប់ខារ៉ាអូខេ ភ្លាមនោះខ្លួនក៏បើករថយន្តទៅសួរដល់បន្ទប់ខារ៉ាអូខេ តែគេប្រាប់ថា បានឃើញមនុស្សស្រីម្នាក់ យកចេញក្រៅបាត់ទៅហើយ ហើយខ្លួនក៏ត្រឡប់មកផ្ទះវិញដើម្បីជូនប្រពន្ធ ទៅកម្មវិធីឡើងផ្ទះបងប្អូននៅផ្សារដីហ៊ុយ។
រហូតដល់ម៉ោងប្រហែល២៣យប់ ថ្ងៃទី២៥ដដែល ខ្លួនបានត្រឡប់មកពីកម្មវិធីឡើងផ្ទះបងប្អូនវិញ ខ្លួនក៏បានបើករថយន្តទៅផ្ទះ ពេជ្រ សាឡន ម្តងទៀត ក្នុងគោលបំណងទៅសួររកបង់កាំភ្លើងដែលបាត់ តែពេលទៅដល់មុខផ្ទះ ពេជ្រ សាឡន ស្រាប់តែឃើញរថយន្តម៉ាក TACOMA មួយគ្រឿង ដែលមានជនរងគ្រោះ ឈ្មោះ គង់ វិន ហៅ វ៉ែនតា ជិះជាមួយ ឈ្មោះ សិង វិន ហៅ ភ័ស្ត ឈប់ក្បែរផ្ទះ ពេជ្រ សាឡន ខ្លួនក៏អែបរថយន្តទៅឈប់ទន្ទឹមគ្នា និងចុចកញ្ចក់រថយន្តចុះដូចគ្នា ហើយខ្លួនក៏សួរទៅឈ្មោះវ៉ែនតា ថា បានឃើញបង់កាំភ្លើងរបស់ខ្លួនឬអត់? ស្រាប់តែឈ្មោះ គង់ វិន ហៅ វ៉ែនតា មិនព្រមឆ្លើយតប និងលើកអាវឡើង ទើបខ្លួននឹកក្នុងចិត្តថា ប្រហែលគេខឹង ហើយដកកាំភ្លើងបាញ់រូបខ្លួន ខ្លួនក៏ដកកាំភ្លើងខ្លីបាញ់ពួកគេមុនអស់ចំនួន៥គ្រាប់ រួចគេចខ្លួនទៅផ្ទះតែម្តង លុះព្រឹកឡើងបានជិះតាក់ស៊ីទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ដើម្បីលាក់ខ្លួនតាមព្រំដែន។ ក្រោយមក ដោយបានដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមស្រាវជ្រាវស៊ើបអង្កេត ជាបន្តបន្ទាប់យ៉ាងប្រកិតៗ ទើបខ្លួនសម្រេចចិត្តចូលមកសារភាពតែម្តង៕ ដោយ៖បញ្ញាស័ក្តិ